ស្នងការរាជធានីភ្នំពេញ ត្រៀមរៀបចំកម្លាំងចល័តរឹតបណ្ដឹងច្បាប់ចរាចរណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងរៀបចំក្រុមកម្លាំងចល័តចុះរឹតបន្តឹងច្បាប់ចរាចរណ៍បន្ថែមទៀត ក្នុងករណីការដាក់គោលដៅរឹតបន្តឹងច្បាប់រាចរណ៍តាមដងផ្លូវមិនទាន់ទទួលបានជោគជ័យ។
អនុវត្តតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ពន្ធ័លើករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យតក់ស្លុតកាលពីចុងឆ្នាំ២០២៣ និងពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ជាពិសេសលើអ្នកបើកបរមានសារធាតុស្រវឹងនោះ ស្នងការរាជធានីភ្នំពេញ បានត្រៀមផែនការរៀបចំកម្លាំងចល័តរឹតបណ្ដឹងច្បាប់ចរាចរណ៍បន្ថែមទៀត ក្រៅពីការអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយបង្កើនទាំងកម្លាំង មធ្យោបាយ ដើម្បីចុះពិនិត្យជាតិអាល់កុលក្នុងភូមិសាស្រ្តខណ្ឌទាំង១៤ នៅរាជធានីធានីភ្នំពេញ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បញ្ជាក់ថា មុនចូលដល់ការដាក់កម្លាំងចល័តខាងលើ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ផ្តើមឲ្យកម្លាំងតាមអធិការដ្ឋានខណ្ឌនីមួយៗធ្វើការចល័តគោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍របស់ខ្លួនទៅតាមពេលវេលាជាក់ស្តែង ហើយមិនមានការកំណត់ជាក់លាក់នោះទេ ដើម្បីឲ្យប្រជាពលរដ្ឋជាអ្នកបើកបរមានទំនួលខុសត្រូវ និងគោរពច្បាប់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លើកឡើងថា រយៈពេល១សប្តាហ៍ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏តក់ស្លុតដូចករណីកាលពីអំឡុងពាក់កណ្តាលខែមករា គឺមានការថយចុះ បើធៀបទៅនឹងមួយសប្តាហ៍ដូចគ្នានាចុងខែមករា ឆ្នាំ២០២៤។ លោកថា «ក្រៅពីការរឹតបន្តឹងច្បាប់ចរាចរណ៍ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងនគរបាលតាមគោលដៅនីមួយៗត្រូវបន្តសកម្មភាពនេះយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីបង្ក្រាបលើបទល្មើសផ្សេងទៀត ខណៈកាលពីថ្មីៗនេះនគរបាលរឹតបន្តឹងច្បាប់ចរាចរណ៍តាមគោលដៅបានរកឃើញជនល្មើសលួចដឹកជញ្ជូនសារធាតុញៀន និងឈើខុសច្បាប់ផងដែរ»៕