លោក អេង ហ៊ី មន្ត្រីកុំថាឡើយបាញ់សត្វកុក សូម្បីតែសត្វចាបក៏មិនត្រូវបាញ់ទេ ព្រោះយើងជាមន្ត្រីប្រតិបត្តិច្បាប់

ភ្នំពេញ៖ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាក់បន្ថែមពាក់ព័ន្ធករណីចាប់ឃាត់ខ្លួនមន្ត្រីប៉េអឹមម្នាក់នៅខេត្តក្រចេះ ដែលបានប្រើកាំភ្លើងខ្យល់បាញ់សម្លាប់សត្វកុក កាលពីថ្ងៃទី៣០ ខែមករា លោក អេង ហ៊ី ថា «កុំថាឡើយបាញ់សត្វកុក សូម្បីតែសត្វចាបក៏មិនត្រូវបាញ់ទេ ព្រោះយើងជាមន្ត្រីប្រតិបត្តិច្បាប់»។

តាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣១ ខែមករា លោក អេង ហ៊ី បានអោយដឹងថា មន្ត្រីកងរាជអាវុធហត្ថគ្រប់រូបត្រូវបានអប់រំបណ្តុះបណ្តាល ហ្វឹកហ្វឺន ជា ពិសេសការអប់រំចិត្តសាស្រ្តជាប្រចាំ ឱ្យគោរពច្បាប់ គោរពវិន័យកងទ័ព ប្រកាន់ខ្ជាប់ខ្ជួននូវ ក្រមសីលធម៌វិជ្ជាជីវៈ។ វីដេអូខ្លីមួយដែលបង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញពីសកម្មភាពអនុសេនីយ៍ត្រី កង សុផាណារ័ត្ន ជំនួយការកងរាជអាវុធហត្ថស្រុកចិត្របុរី បានចុះពីរថយន្តកាមរីបាឡែន ទៅបាញ់សម្លាប់សត្វកុកមួយក្បាល ដោយប្រើកាំភ្លើងខ្យល់នៅទីតាំងបឹងរំលាច ស្ថិតក្នុងភូមិស្រែល្ពៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ។ រូបភាពភ្ជាប់ជាមួយវីដេអូ ក៏បង្ហាញពីឃើញសត្វកុកដែលបានងាប់ និងសកម្មភាពបុរសនោះ បាញ់ស៊ីបពីរថយន្តផងដែរ។

មន្ត្រីប៉េអឹមរូបនោះ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៣០ ខែមករា ដដែល ហើយប្រគល់ជូន ជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ។  លោកបញ្ជាក់ថា៖ «ការឃាត់ខ្លួនឈ្មោះ កង សុផាណារ័ត្ន ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើ គឺកង រាជអាវុធហត្ថអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងច្បាប់និងក្រមនីតិវិធីព្រហ្មទណ្ឌ មិនមែនធ្វើតាមអារម្មណ៍ ឬធ្វើតាមការបញ្ចេញមតិក្នុងប្រព័ន្ធព័ត៌មានសង្គម ឬខ្លាចដោយមិនមានការទទួលខុសត្រូវនោះទេ»។

បើតាមអ្នកនាំពាក្យ ក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ ត្រូវតែជាគំរូក្នុងការគោរពច្បាប់ បើប្រព្រឹត្តអំពើល្មើស ត្រូវតែអនុវត្តតាមច្បាប់។ លោកបានលើកឡើងពីទិសស្លោកដែលលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានដាក់ចេញ គឺ «ចំពោះ ប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប»។

លោក អេង ហ៊ីបន្ថែមថា រដ្ឋបាលព្រៃឈើមានសមត្ថកិច្ចជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេតបទ ល្មើសព្រៃឈើនិងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ៕ប្រហែល​ជារូបភាពពណ៌នានៃ អត្ថបទប្រហែល​ជារូបភាពពណ៌នានៃ អត្ថបទ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds