សាច់បង្កកចំនួន៤កុងទឺន័រ ត្រូវសមត្ថកិច្ចចាប់បាន នៅស្រុករមាសហែក
(ស្វាយរៀង)៖ សាច់បង្កកចំនួន៤កុងទឺន័រ ត្រូវសមត្ថកិច្ចចាប់បាន នៅស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ។ ការបង្ក្រាបនេះដោយអនុវត្តន៍តាមបទបញ្ជារបស់លោកលោក ខាំ សុផារី ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង។
ព្រះរាជអាជ្ញាខេត្តស្វាយរៀង បានអោយដឹងថា ករណីឃាត់រថយន្តកុងតឺន័រ ដឹកសាច់បង្កកចំនួន៤កុងតឺន័រនេះ បានធ្វើឡើង នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ហើយបើរកឃើញថា ជាករណីលួចនាំចូលខុសច្បាប់ និងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះ និងមានវិធានការចាត់ការ តាមផ្លូវច្បាប់។
ពាក់ព័ន្ធនឹងករណីនេះ លោក ដា រា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «កបប» ខេត្តស្វាយរៀង បានឆ្លើយយ៉ាងខ្លីថា លោកកំពុងធ្វើកិច្ចការងារនេះជាប់រវល់។
ទោះបីយ៉ាងណាប្រភពមួយចំនួន បានបង្ហើបឲ្យដឹងថា សាច់បង្កកចំនួន៤កុងតឺន័រនេះ បាននាំចូលមកតាមច្រកព្រំដែនខេត្តស្វាយរៀង ហើយបានបើកបរតាមផ្លូវវាង ចូលមកស្រុករមាសហែក ត្រូវបានមន្ត្រីជំនាញឃាត់ទុក ក្រោមការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង។ តែគួរឲ្យសោកស្ដាយមន្ត្រីជំនាញ ក.ប.ប ខេត្តស្វាយរៀង មិនបានបង្ហាញពីលទ្ធផលការឃាត់ និងពិនិត្យជាក់ស្ដែងទៅលើកុងតឺន័រ ដែលផ្ទុកសាច់បង្កកទាំង៤នេះទេ បានត្រឹមថាជាប់រវល់៕