២៨ថ្ងៃឆ្នាំ២០២៤សមត្ថកិច្ចនគរបាលជាតិ បង្ក្រាបករណីល្បែងស៊ីសងបានចំនួន៥៣ទីតាំង និងបញ្ជូនជនសង្ស័យ ៧២នាក់ទៅតុលាការ

ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអោយដឹងថា ចាប់ពីថ្ងៃទី០១ មករា ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងបានចំនួន៥៣ទីតាំង នៅក្នុងរាជធានី-ខេត្ត ចំនួន១៥ និងបានបញ្ជូនជនសង្ស័យ ៧២នាក់ទៅតុលាការ។

តាមផេកលោក បណ្ឌិត ទូច សុឃៈ (សុខៈ) បានបញ្ជាក់ឱ្យដឹងដែរថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលជាតិ បានអនុវត្តវិធានការច្បាប់ចំនួន២៩ទីតាំង ដោយបញ្ជូនជនសង្ស័យលេងល្បែងស៊ីសងចំនួន៧២នាក់ទៅតុលាការ។ ក្នុងនេះមានល្បែងភ្នាល់តាមអ៊ីនធើណិត ជ្រកក្រោមអាជីវកម្ម ឬអាជ្ញាបណ្ណ ចំនួន១ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងល្បែងស៊ីសងផ្សេងៗតាមមូលដ្ឋានចំនួន២៨ទីតាំង ឃាត់ខ្លួនជនសង្ស័យបានចំនួន៦៩នាក់។ ចំណែកឯការបង្ក្រាបទីតាំងចំនួន២៤ទៀត ឃាត់មនុស្សបានចំនួន៤៩នាក់ យកមកអនុវត្តវិធានការរដ្ឋបាល ដោយការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព មិនបញ្ជូនទៅតុលាការនោះទេ។

លោកបានបញ្ជាក់ទៀតថា ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ ស្ថិតក្នុងចំណោមអាទិភាពការងារទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំបញ្ជាឱ្យសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្ត ចាប់ពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds