បញ្ជូនមន្ត្រីនគរបាលប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ និងបក្ខពួកពីរនាក់ទៀតបញ្ជូនទៅតុលាការ ពាក់ពន្ធ័បទកំហែងយកប្រាក់
ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានម្នាក់ជាមន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ និងបក្ខពួកពីរនាក់ទៀតបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ពីបទកំហែងយកប្រាក់។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីធ្វើសកម្មភាពគាបយកលុយពីយុវជន៥នាក់នៅពេលយប់។
របាយការណ៍របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៣០មករាថា បន្ទាប់ពីធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ កម្លាំងបានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ០១នាក់ រួមនិងប្រជាការពារចំនួន០២នាក់ទៀត ពីបទ កំហែងយកប្រាក់។
ជនសង្ស័យដែលឃាត់ខ្លួនមាន ១-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិ ខ្មែរ។ ២-ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទ ប្រុស ជនជាតិ ខ្មែរ។ ៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣។
សូមបញ្ចាក់ថា កាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ មានការចែករំលែកនូវព័ត៌មានមួយអំពីករណីយុវជនចំនួន៥នាក់ត្រូវបានជនសង្ស័យមួយក្រុមមានឯកសណ្ឋានជាកម្លាំងនគរបាលចាប់ឃាត់ម៉ូតូ និងគាបយកលុយរបស់ពួកគេនៅតាមដងផ្លូវនៅគោលដៅខាងមុខដេប៉ូសាំងតេលា ផ្លូវចោមចៅ (ផ្លូវវេងស្រេង) ក្នុងភូមិសាស្ដ្រសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ក្នុងករណីនេះ បើតាមការចែកចាយនៅលើបណ្ដាសង្គម ក្រុមជនសង្ស័យបានតម្រូវឲ្យយុវជនទាំងនោះបញ្ចាំចញ្ជៀន និងទូរស័ព្ទដើម្បីយកលុយមកឲ្យពួកខ្លួនទៀតផង៕