សម្ដេច ហ៊ុន ម៉ាណែត ព្រមានចាត់វិធានការលើអ្នកដែលទន្រ្ទានយកដីរដ្ឋនៅតំបន់៣ជុំវិញបឹងទន្លេសាប
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានចាត់វិធានការចំពោះអ្នកដល់ទៅទន្រ្ទានយកដីរដ្ឋនៅក្នុងតំបន់៣ ដែលស្ថិតនៅជុំវិញបឹងទន្លេសាប។
សម្ដេចធិបតី បានដាក់បទបញ្ជាដល់អភិបាលខេត្តសរុបទាំង៦ខេត្ត ដែលស្ថិតនៅជាប់បឹងទន្លេសាប រួមមានកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ ឱ្យទប់ស្កាត់បទល្មើសទន្រ្ទានយកដីក្នុងតំបន់៣ ដើម្បីថែរក្សាតំបន់នេះឱ្យគង់វង្សបន្តដល់ក្មេងៗជំនាន់ក្រោយ។
គួររម្លឹកថា កាលពីចុងឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឱ្យមន្ត្រី ដែលកាប់ទន្ទ្រានដីព្រៃលិចទឹកខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប ត្រូវប្រញាប់ប្រគល់ជូនរដ្ឋវិញ បើពុំដូច្នោះទេ នឹងត្រូវចាប់ខ្លួន។ គ្រានោះ សម្ដេចបានអះអាងថា នឹងរក្សាដីព្រៃលិចទឹកឱ្យគង់វង្ស ដើម្បីជម្រកត្រីពងកូន បង្កើនទិន្នផលត្រីក្នុងបឹងទន្លេសាប។ ជាក់ស្ដែង កាលពីដើមឆ្នាំ២០២២ រដ្ឋាភិបាលបានដកហូតដីព្រៃលិចទឹកទំហំ ៦ម៉ឺនហិកតានៅជុំវិញបឹងទន្លេសាបមកទុកជាសម្បត្តិរបស់រដ្ឋវិញ ក្រោយពីចុះទប់ស្កាត់បទល្មើសព្រៃលិចទឹកតាមបណ្ដាខេត្តទាំង៦ រួចមក៕