សមត្ថកិច្ច បង្ហាញមុខជនសង្ស័យជាជនជាតិវៀតណាមចំនួន១១នាក់ ​និងគ្រឿងញៀនជាង១គីឡូក្រាម

(ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានបង្ហាញមុខជនសង្ស័យជាជនជាតិវៀតណាមចំនួន១១នាក់ ​រួមនិងវត្ថុតាងគ្រឿងញៀនជាង១គីឡូក្រាម ដែលសមត្ថកិច្ចធ្វើការបង្ក្រាប និងឃាត់ខ្លួនបាននៅក្រុងបាវិត ខេត្តស្វាយរៀង។

នគរបាលខេត្តស្វាយរៀងបានឲ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឈីវ អ៊ិចគង់ និងលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី២២-២៦ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកកែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះល្វែងជួល និងចំណុចអគារស្នាក់នៅក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជាលទ្ធផលក្នុងការបង្ក្រាបនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន១១នាក់ ស្រី៥នាក់ (ជនជាតិវៀតណាម)។ វត្ថុតាងនិងសម្ភារ សមត្ថកិច្ចបានដកហូតបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៦០៨,០៤ ក្រាម, ប្រភេទកេតាមីន ទម្ងន់ ៤៨៥,៤៥ ក្រាម, ប្រភេទ អ៊ិចស្តាស៊ីទម្ងន់ ៣១១,៧៥ ក្រាម, ប្រភេទ ហេរ៉ូអ៊ីនទម្ងន់ ១,០៥ ក្រាម, មេតំហ្វេតាមីនគ្រាប់ទម្ងន់ ០,៧៩ ក្រាម, អ៊ិចស្តាស៊ីគ្រាប់ទម្ងន់ ០,២៨ ក្រាម សរុបសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ​១គីឡូ ៤០៧,៣៦ក្រាម។ ក្នុងរួមទាំងវត្ថុតាង​នានា និងឧបករណ៍ សម្ភារកែច្នៃ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

​បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds