១សប្ដាហ៍កន្លងទៅ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀនជាង២០០នាក់ និងក្មេងទំនើងជាង១០០នាក់!

ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនសរុប ទូទាំងប្រទេស ចំនួន២១០នាក់។ ជនសង្ស័យទាំងនេះ ត្រូវសមត្ថកិច្ចក្រសោបបានពីបទល្មើសគ្រឿងញៀនសរុប ចំនួន១០៩ករណី។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោកថា ទន្ទឹមនឹងលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន និងបទល្មើសផ្សេងៗក្នុងសង្គមនោះ ក្នុងរយៈពេលពេញមួយសប្ដាហ៍កន្លងមកដូចគ្នានេះ សមត្ថកិច្ចនគរបាលជាតិ ក៏បើកប្រតិបត្តិការបង្រ្កាបករណីក្មេងទំនើងបានសរុប ចំនួន៣០ករណី។ ក្នុងករណីសរុបទាំង ៣០ នោះ សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនក្រុមក្មេងទំនើងបាន ចំនួន៦៩នាក់។

ការបង្ក្រាបគ្រឿងញៀន និងក្មេងទំនើង ស្ថិតក្នុងចំណោមអាទិភាពការងារទាំង ៦ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។ កិច្ចការនេះ ក៏ជាផ្នែកមួយនៃការអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds