ក្រសួងបរិស្ថានជំរុញការអនុវត្តវិធានការច្បាប់ ១០០ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិ
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤នេះ បានណែនាំដល់ប្រធានមន្ទីរបរិស្ថានរាជធានី-ខេត្ត ជំរុញការអនុវត្តវិធានការច្បាប់ ១០០ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិ។ នេះបើយោងតាមលិខិតរបស់ក្រសួងបរិស្ថាន ដែល Fast News ទទួលបានរសៀលថ្ងៃទី២៩ ខែមករា នេះ។
ក្រសួងបានឱ្យដឹងថា ក្នុងរយៈពេលបន្ទាប់ពីមានការណែនាំរបស់ លោករដ្ឋមន្រ្តី ក្រសួងបានសង្កេតឃើញថា នៅមានការខ្វះចន្លោះខ្លះៗ ពីការអនុវត្តវិធានការច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិ។ ដូចនេះ ក្រសួងសូមធ្វើការ ក្រើនរំលឹកសារជាថ្មីដល់មន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការ ច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិឱ្យខាងតែបាន និងមិនត្រូវមានជាដាច់ខាតនូវ វប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែងជនល្មើស៕