ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើបុរសអាយុ៦៩ឆ្នាំ
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញជំងឺផ្តាសាយបក្សី១ករណីទៀត គឺកើតលើបុរសអាយុ៦៩ឆ្នាំរស់នៅក្នុងភូមិខ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
ការប្រកាសរកឃើញនេះ បន្ទាប់ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈបានបញ្ជាក់ថា បុរសរូបនេះវិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៤។
បើតាមក្រសួងសុខាភិបាល បញ្ជាក់ថា នៅផ្ទះអ្នកជំងឺមាន ចិញ្ចឹមមាន់ប្រហែល៥០-៦០ក្បាល និងមានមាន់ងាប់ជាបន្តបន្ទាប់ប្រហែល ២សប្តាហ៍មកហើយ។ ដូច្នេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបជាព័ត៌មាន។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្ដាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និង បន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ព្រមទាំងចែកជូនឱសថតាមីស្លូ(Tamiflu)ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
គួរំលឹកថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបញ្ជាក់ថា ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់រស់នៅភូមិតាប្រុយ ឃុំព្រែកពោន ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1)។
ជុំវិញករណីជំងឺផ្តាសាយបក្សីប្រភេទហាស់៥ អ៊ុន១ (H5N1)នេះផងដែរ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានបញ្ជាក់នៅយប់ថ្ងៃទី២២ ខែកម្ភៈ ឆ្នាំ២០២៣ថា មានកុមារីម្នាក់អាយុ ១១ឆ្នាំ ៦ខែ រស់នៅភូមិរលាំង ឃុំ រំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1នេះ៕