នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ៖ គ្មានចំណុចណាមួយចែងឲ្យមន្ត្រី ដើរលក់បំពង់ពន្លត់អគ្គិភ័យតាមខ្នងផ្ទះប្រជាពលរដ្ឋ នោះទេ
ភ្នំពេញ៖ បន្ទាប់ពីមានម្ចាស់ហ្វេសបុកមួយបានផ្ញើចូល comment ក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយចោទជាសំនួរថា មានមន្ត្រីប៉ូលីសខាងពន្លត់អគ្គិភ័យលក់បំពង់ពន្លត់អគ្គិភ័យដល់ផ្ទះ ដោយតម្រូវប្រជាពលរដ្ឋទិញ តើខុសច្បាប់ដែរឬទេ? នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បំភ្លឺថា គ្មានចំណុចណាមួយចែងឲ្យមន្ត្រីនគរបាលបង្ការ ពន្លត់អគ្គិភ័យដើរ លក់បំពង់ពន្លត់អគ្គិភ័យតាមខ្នងផ្ទះប្រជាពលរដ្ឋ នោះទេ។
នេះបើយោងតាមលិខិតមួយ របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដែលផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដែល Fast News ទទួលបាននៅមុននេះបន្តិច។ នៅក្នុងលិខិតនេះ បានបញ្ជាក់ពី កម្មវត្ថុ ស្តីពីរបាយការណ៍ឆ្លើយតបចំពោះគណនីហ្វេសប៊ុកឈ្មោះ Seth Bunrith (Inbox) បានផ្ញើចូល comment ក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
យោងលិខិតចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ របស់ការិយាល័យផ្សព្វផ្សាយអប់រំ នាយកដ្ឋានរដ្ឋបាល ទូទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ចំណារឯកភាព ចុះថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២៤ របស់អគ្គស្នងការរង ទទួលសេនាធិការដ្ឋាន
តបតាមកម្មវត្ថុ និងយោងខាងលើ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ មានកិត្តិយស សូមគោរពជម្រាបជូន ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ មេត្តាជ្រាបថា គណនីហ្វេសប៊ុកឈ្មោះ Seth Bunrith ( Inbox ) បានផ្ញើចូល ” comment ” ក្នុងគេហទំព័រ ហ្វេសប៊ុកផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលមានខ្លឹមសារទាំងស្រុងថា៖ជម្រាបសួរបង់ សុំសួរបង មានមន្ត្រីប៉ូលីសខាងពន្លត់អគ្គិភ័យលក់បំពង់ពន្លត់អគ្គិភ័យដល់ផ្ទះ ដោយតម្រូវប្រជាពលរដ្ឋទិញ តើខុសច្បាប់ដែរឬទេ? ។
ក្រុមការងារប្រតិកម្មរហ័សរបស់នាយកដ្ឋានសង្កេតឃើញថា កន្លងមកមានមន្ត្រីនគរបាល បង្ការនិងពន្លត់អគ្គិភ័យ តែងតែដើរលក់បំពង់ពន្លត់អគ្គិភ័យតាមខ្នងផ្ទះប្រជាពលរដ្ឋ ។ នាយកដ្ឋានជំនាញសូមបញ្ជាក់ថា« ក្នុងច្បាប់ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការបង្ការ និងការពន្លត់អគ្គិភ័យ គ្មានចំណុចណាមួយចែងឲ្យមន្ត្រីនគរបាលបង្ការ ពន្លត់អគ្គិភ័យដើរ លក់បំពង់ពន្លត់អគ្គិភ័យតាមខ្នងផ្ទះប្រជាពលរដ្ឋ នោះទេ»៕