ប្រទះឃើញឈើសុក្រំជាច្រើនកំណត់ ដែលត្រូវក្រុមឈ្មួញលួ.ចលាក់ទុកក្នុងព្រៃចម្ការចេកមួយកន្លែង
ខេត្តព្រះវិហារ ៖ ឈើអារលេខ១ ប្រភេទសុក្រំ ចំនួន២០កំណាត់ ដែលមានមុខកាត់ធំៗ ត្រូវក្រុមឈ្មួញលាក់ទុកក្នុងព្រៃចម្ការចេកមួយកន្លែងនៅនៅត្រង់ចំណុចភូមិឈ្នួន ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើប្រទះឃើញ និងដកហូតយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង ដើម្បីធ្វើកំណត់ហេតុចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើ។ ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។
ប្រភពពីកម្លាំងជំនាញ បានប្រាប់ឱ្យដឹងថា ឈើដែលដកហូតបាននោះ គឺជាឈើអារលេខ១ ប្រភេទសុក្រំ ចំនួន២០កំណាត់ ដែលមានមុខកាត់២៥សង្ទីម៉ែត្រ ប្រវែង២,៥ម៉ែត្រទៅ៣ម៉ែត្រ ដែលបានដាក់ការសង្ស័យថា គឺជាឈើក្រុមឈ្មួញមុខដដែលៗ យកមកលាក់ទុកក្នុងព្រៃចម្ការចេក និងដឹកចេញបន្តទៅលក់ឱ្យឈ្មួញខាងក្រៅ ហើយក៏ត្រូវបានកម្លាំងជំនាញប្រទះឃើញធ្វើការរឹបអូសតែម្ដង ។ បច្ចុប្បន្ន វត្ថុតាងទាំងនោះ ត្រូវបានយកមកថែរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមច្បាប់ព្រៃឈើ៕