កូនដំរីងាប់នៅមណ្ឌលគិរី មន្ត្រីរកឃើញមានរបួសមុតធ្លាយ ប៉ុន្តែរកពុំឃើញ ក្បាលគ្រាប់អាវុធបៀមជាប់ នៅក្នុងខ្លួនសត្វនោះឡើយ

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រុមការងារបានពិនិត្យករណីកូនដំរីស្លាប់មួយក្បាល ដែលមានអាយុ ៧ខែ ទម្ងន់ ២០០គីឡូ ក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី រកឃើញមានរបួសមុតធ្លាយ នៅផ្នែកខាងក្រោមដើមទ្រូង តែសមត្ថកិច្ចរកពុំឃើញ ក្បាលគ្រាប់អាវុធបៀមជាប់ នៅក្នុងខ្លួនសត្វនោះឡើយ។ ក្រុមការងារបាននិងកំពុងបន្តចុះត្រួតពិនិត្យនៅកន្លែង កើតហេតុបន្ថែមទៀត ដើម្បីស្វែងរកវត្ថុតាងជាបន្តបន្ទាប់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ។

ក្រសួងបរិស្ថាន សូមសម្ដែងការសោកស្តាយជាខ្លាំង ក្នុងការបាត់បង់សត្វព្រៃដ៏កម្រមួយប្រភេទ នេះក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា និងសូមថ្កោលទោសចំពោះជនប្រព្រឹត្តល្មើស ច្បាប់ស្តីពីតំបន់ការពារ ធម្មជាតិ។ ក្រសួងបរិស្ថានសូមអំពាវនាវដល់សមត្ថកិច្ច ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋមេត្តាចូលរួមស្វែងរក វត្ថុតាង និងចាប់ជនល្មើសមកកាត់ទោសតាមនីតិវិធីនៃច្បាប់។

ជាមួយគ្នានេះដែរ ក្រសួងបរិស្ថានបានដាក់ចេញ ការអនុវត្តច្បាប់ឲ្យបានដាច់ខាត ដោយមិនលើកលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រងធនធាន ធម្មជាតិ តាមរយៈវិធានការចម្បង ចំនួន៤ រួមមាន៖

*ទី១៖ ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះ កិច្ចសន្យា ហើយដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ
*ទី២៖ ក្រសួងបរិស្ថានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេស ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ
*ទី៣៖ សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស ធ្វើការបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក
*ទី៤៖ ជំរុញការដាំដើមឈើឲ្យច្រើនជាងការកាប់ ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញការដាំ ស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។

ដំរីអាស៊ី ត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាព អន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ដំរីអាស៊ីមានចំនួនចន្លោះ ពី៥០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងបឹងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូឡូស៊ី ដែលមានសក្តានុពលខ្ពស់ និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds