សត្វត្រយងយក្ស មួយក្បាលត្រូវជួយសង្គ្រោះដោយជោគជ័យពីជម្ងឺគ្រុនចាញ់បក្សី
ក្រោមកិច្ចសហការរវាង មន្ទីរបរិស្ថានខេត្តព្រះវិហារ Angkor Centre for Conservation of Biodiversity មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានជួយសង្រ្គោះសត្វត្រយងយក្សជំទង់១ក្បាល ដែលជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយជោគជ័យពីជម្ងឺគ្រុនចាញ់បក្សី ។ នេះបើយោងតាមផេកក្រសួងព័ត៌មាន។
សត្វត្រយងនេះមើលខាងក្រៅទៅដូចគ្មានជំងឺពេលមកដល់ ACCB ប៉ុន្តែរោគសញ្ញានៃជំងឺនេះក៏បានវិវត្តឡើងយ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់ពីមានការពិនិត្យសុខភាពយ៉ាងហ្មត់ចត់ យើងបានរកឃើញថា សត្វត្រយងយក្សជំទង់នេះកំពុងមានជំងឺគ្រុនចាញ់បក្សី និងមានប៉ារ៉ាស៊ីតនៅក្នុងឈាមរបស់វា។ ម្រាមជើងមួយរបស់វាមានសភាពធ្ងន់ធ្ងរខ្លាំងមិនអាចកំរើកបានក៏វិវត្តក្លាយជាដំបៅរលួយ ។ ក្រុមការងារដែលមានការតាំងចិត្តខ្ពស់របស់ ACCB បានធ្វើការអស់កម្លាំងកាយចិត្ត ដើម្បីព្យាបាលជម្ងឺគ្រុនចាញ់បក្សី និងវះកាត់យកម្រាមជើងដំបៅចេញដោយជោគជ័យវ ។ យើងមានសេចក្តីសោមន្សរីករាយដែលសត្វត្រយងយក្សនេះបានជាសះស្បើយទាំងស្រុង និងបានសម្របខ្លួនយ៉ាងល្អទៅនឹងកន្លែងថែទាំវាផងដែរ។
ការជួយសង្គ្រោះសត្វត្រយងយក្សនេះ គឺជាសមិទ្ធផលដ៏សំខាន់ ក្នុងកិច្ចការងារអភិរក្ស ខណៈដែលបក្សីប្រភេទនេះមាននៅសេស សល់ប្រហែលជា ២៥០ក្បាលប៉ុណ្ណោះ នៅទូទាំងពិភពលោក ។ សត្វត្រយងយក្សនេះនឹងដើរតួយ៉ាងសំខាន់ ក្នុងការធានាចំនួនប្រជាសាស្រ្តសត្វត្រយងយក្ស ដែលត្រូវបានថែទាំនៅក្នុងមជ្ឈមណ្ឌល ACCB ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបក្សីប្រភេទនេះ ។
ការជួយសង្គ្រោះសត្វត្រយងយក្សនេះ គឺជាសមិទ្ធផលដ៏សំខាន់ ក្នុងកិច្ចការងារអភិរក្ស ខណៈដែលបក្សីប្រភេទនេះមាននៅសេស សល់ប្រហែលជា ២៥០ក្បាលប៉ុណ្ណោះ នៅទូទាំងពិភពលោក ។ សត្វត្រយងយក្សនេះនឹងដើរតួយ៉ាងសំខាន់ ក្នុងការធានាចំនួនប្រជាសាស្រ្តសត្វត្រយងយក្ស ដែលត្រូវបានថែទាំនៅក្នុងមជ្ឈមណ្ឌល ACCB ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបក្សីប្រភេទនេះ។
សត្វត្រយងយក្សជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលសត្វប្រភេទនេះ បានស្ថិតក្នុងស្ថាន ភាពរងគ្រោះជិតផុតពូជនៅលើពិភពលោក ដែលទាមទារឱ្យមានការចូលរួមថែរក្សាអភិរក្សប្រភេទសត្វនេះ ឱ្យនៅគង់វង្សយូរអង្វែង ។ ប្រទេសកម្ពុជាជាប្រទេសទី១ ដែលបានផ្តល់រូបថតប្រភេទសត្វត្រយងយក្សនេះក្នុងធម្មជាតិមុនគេលើពិភពលោក៕