UN បើកការស៊ើបអង្កេតលើបុគ្គលិកជាច្រើននាក់ ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនៅប្រទេសអ៊ីស្រាអែល
ទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) អះអាងថា ខ្លួនបានបើកការស៊ើបអង្កេតលើបុគ្គលិកជាច្រើននាក់ ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា នៅប្រទេសអ៊ីស្រាអែល ដោយក្រុមហាម៉ាសថា ខ្លួនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយសមាជិកបុគ្គលិកទាំងនោះ។
លោក ហ្វីលីព ឡាហ្សារីនី(Philippe Lazzarini) អគ្គស្នងការទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយថា អាជ្ញាធរអ៊ីស្រាអែល បានផ្តល់ព័ត៌មានដល់ ទីភ្នាក់ងារ UNRWA អំពីការជាប់ពាក់ព័ន្ធរបស់បុគ្គលិក UNRWA ជាច្រើននាក់ នៅក្នុងការវាយប្រហារដ៏រន្ធត់លើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។
ដើម្បីការពារសមត្ថភាពរបស់ទីភ្នាក់ងារ ក្នុងការដឹកជញ្ជូនជំនួយមនុស្សធម៌ លោកហ្វីលីព ឡាហ្សារីនី(Philippe Lazzarini) បានសម្រេចចិត្ត បញ្ចប់កិច្ចសន្យាភ្លាមៗរបស់សមាជិកបុគ្គលិកទាំងនេះ ហើយចាប់ផ្តើមការស៊ើបអង្កេតមួយ ដើម្បីបង្កើតការពិតដោយមិនបង្អង់យូរ។
លោកបាននិយាយថា បុគ្គលិកទីភ្នាក់ងារ UNRWA ណាដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពភេរវកម្ម នឹងត្រូវឲ្យទទួលខុសត្រូវ រួមទាំងតាមរយៈការកាត់ទោសព្រហ្មទណ្ឌផងដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក Eylon Levy បានចោទប្រកាន់ទីភ្នាក់ UNRWA ពីការប្រកាសព័ត៌មាននេះ ខណៈដែលការយកចិត្តទុកដាក់របស់ពិភពលោកផ្តោតលើតុលាការពិភពលោកដែលបង្គាប់ឱ្យអ៊ីស្រាអែល ទប់ស្កាត់អំពើប្រល័យពូជសាសន៍លើពលរដ្ឋប៉ាឡេស្ទីន និងធ្វើការបន្ថែមទៀតដើម្បីជួយជនស៊ីវិលនៅតំបន់ហ្កាហ្សា។
សូមបញ្ជាក់ផងដែរថា ទីភ្នាក់ងារ UNRWA ដែលជាម្ចាស់ជំនួយធំបំផុតក្នុងឆ្នាំ ២០២២ រួមមានសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងសហភាពអឺរ៉ុប បាននិយាយម្តងហើយម្តងទៀតថា សមត្ថភាពរបស់ខ្លួនក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជននៅតំបន់ហ្កាហ្សា គឺជិតដល់មាត់ជ្រោះនៃការដួលរលំហើយ៕