យុវជនជាតិដើមភាគតិច រំពឹងនឹងបើកអាជីវកម្មបន្ទាប់ពីរៀនជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ យុវជនជនជាតិដើមភាគតិចព្នង ខេត្តរតនគិរីបានលើកឡើងថា ខ្លួនមានក្តីសង្ឃឹមខ្ពស់ក្នុងការបើកអាជីវកម្មដោយខ្លួនឯងបន្ទាប់ពីរូបគេបានបញ្ចប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្នែកជំនាញសេវាកម្មសម្អាងកាយដែលជាជំនាញមួយដែលមានទីផ្សារការងារល្អសមរម្យនៅក្រុងបានលុង ខេត្តរតនគិរី។
យុវតីជាជនជាតិដើមភាគតិចពូនង កច ស៊ីវ៉ន មកពីក្រុងបានលុង ខេត្តរតនគិរី បានអោយដឹងថា «ខ្ញុំបានជ្រើសរើសយកជំនាញសម្អាងកាយ។ ខ្ញុំសម្រេចចិត្តជ្រើសរើសជំនាញនេះពីព្រោះខ្ញុំមានគោលបំណងដ៏ធំមួយគឺបើកកន្លែងរកស៊ីដោយខ្លួនឯង បន្ទាប់ពីសិក្សាជំនាញចប់នៅរយៈពេល៤ខែខាងមុខ»។
យុវតីជនជាតិដើមភាគតិចព្នងរូបនេះបន្ថែមថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺមានសារសំខាន់ណាស់សម្រាប់យុវជនដែលជាជាតិដើមភាគតិច ពីព្រោះពួកគាត់អាចសិក្សាជំនាញរយៈពេលខ្លី ហើយអាចមានជំនាញមួយច្បាស់លាស់ក្នុងការប្រកបរបរ និងស្វែងរកការងារធ្វើនៅក្នុងក្រុងបានលុងនេះជាដើម។ ជនជាតិដើមភាគតិចគ្មានជំនាញទេនាពេលកន្លងមក សម្រាប់ខេត្តរតនគិរីជនជាតិដើមភាគតិចពឹងផ្អែកការអាស្រ័យផលតាមបែបប្រពៃណី។
យុវតីជនជាតិដើមភាគតិចថា៖«ដូចខ្ញុំចឹង! ខ្ញុំអត់ដែលមានជំនាញអ្វីទេ។ ខ្ញុំបានធ្វើការឱ្យគេច្រើនឆ្នាំដែរ រហូតមកទល់ពេលនេះខ្ញុំបានចាប់ឱកាសក្នុងការរៀនជំនាញដោយឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល ដែលរៀនសេវាសម្អាងកាយរយៈពេល៤ខែ។ វាមានន័យថាខ្ញុំនឹងមានជំនាញសម្អាងកាយមួយច្បាស់លាស់សម្រាប់ជីវិតខ្ញុំ។ វាជាឱកាសល្អណាស់សម្រាប់ខ្ញុំ ព្រោះខ្ញុំនឹងក្លាយជាពលរដ្ឋមានជំនាញ»។
យុវតីរូបនេះបន្តថា ការបណ្តុះបណ្តាលជំនាញសេវាកម្មសម្អាងកាយនៅមជ្ឃមណ្ឌលវិជ្ជាជីវៈខេត្តរតនគិរីគឺមានការចាប់អារម្មណ៍ណាស់ ពីព្រោះការរៀនដោយភ្ជាប់ជាមួយនិងការអនុវត្តន៍ផ្ទាល់ បូករួមទាំងទ្រឹស្តីនៅក្នុងថ្នាក់ពីសំណាក់គ្រូបង្រៀនដ៏ល្អ និងមានបទពិសោធន៍។ សិក្សាជំនាញនេះជាងមួយសប្តាហ៍សង្ឃឹមអាចបញ្ចប់ទៅដោយមានគុណភាព និងចំណេះជំនាញ។
លោក សែម ប៉ាត នាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគីរីបានលើកឡើងថាជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីបានចាប់អារម្មណ៍លើជំនាញសម្អាងកាយជាងគេក្នុងចំណោមជំនាញទាំង៥របស់មជ្ឈមណ្ឌល វិជ្ជាជីវៈបានដាក់ចេញសម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាល។
បើតាមលោក សែម ប៉ាត មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគីរីទទួលបានយុវជមកដែលជាជនជាតិដើមភាគតិចចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសប្រមាណ៦១នាក់ ភាគច្រើនបងប្អូនជនជាតិទាំងនោះមកពីជនជាតិព្រៅ កាវ៉ែត ទំពួន គ្រឹង ចារ៉ាយ កាចក់ និងឡាវ។ ពួកគេភាគច្រើនបានចុះឈ្មោះចូលរៀនជំនាញសម្អាងកាយ និងបន្ទាប់មកទៀតមាន មុខជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ ដំឡើងបណ្ដាញអគ្គីសនី សេវាកម្មសម្អាងកាយ និងសេវាកម្មកាត់សក់៕