រដ្ឋាភិបាលអ៊ីស្រាអែល ឧបត្ថម្ភពេញមួយជីវិតពីដល់ឪពុកម្ដាយនិស្សិតខ្មែរ ដែលស្លាប់ដោយការវាយប្រហាររបស់ហាម៉ាស់

កណ្តាល៖ រដ្ឋាភិបាលអ៉ីស្រាអែល បានប្រកាសថា នឹងជួយឧបត្ថម្ភទំនុកបម្រុងពេញមួយជីវិតដល់ឪពុកម្ដាយរបស់និស្សិតខ្មែរម្នាក់ឈ្មោះ ចាន់ ឧត្តម ដែលបានស្លាប់ដោយសារការវាយប្រហាររបស់ពួកហាម៉ាសប៉ាឡេស្ទីន នៅក្នុងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

ការប្រកាសអំពីការផ្ដល់ជំនួយឧបត្ថម្ភពេញមួយជីវិតនេះបានធ្វើឡើង នៅក្នុងពេលដែលឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំប្រទេសកម្ពុជា លោកស្រី អរណា សាហ្គីវ (Orna Sagiv) ចុះជួបសម្ដែងមរណទុក្ខចំពោះឪពុកម្ដាយរបស់អតីតនិស្សិត ចាន់ ឧត្តម នៅគេហដ្ឋានក្នុងភូមិស្វាយតាមេឃ ឃុំ កោះធំ «ខ» ស្រុកកោះធំ ខេត្តកណ្ដាល។

យុវជន ចាន់ ឧត្តម មានវ័យ ២៤ឆ្នាំ ជាអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយទទួលបានការកោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាមខិតខំរៀនសូត្រ រហូតទទួលបានឱកាសទៅបន្តសិក្សានៅប្រទេសអ៉ីស្រាអែលលើជំនាញកសិកម្ម ។ តែជាអកុសលនៅថ្ងៃទី៧ តុលា ឆ្នាំ ២០២៣ ក៏បានទទួលមរណភាពដោយការវាយប្រហាររបស់ពួកហាម៉ាសទៅលើប្រទេសអ៉ីស្រាអែល។

រាជរដ្ឋាភិបាលបានសម្ដែងនូវមរណទុក្ខជូនចំពោះ ក្រុមគ្រួសារនៃសពរបស់ឧត្តម ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត បានផ្ញើសាររំលែកទុក្ខចំពោះការបាត់បង់និស្សិតដ៏ឆ្នើមរូបនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds