ក្រសួងមហាផ្ទៃ រកឃើញថា អភិបាលខេត្តបន្ទាយមានជ័យ បានអនុវត្តសមស្របទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត
ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកទូច សុខៈ បានអោយដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរៀបចំរបាយកាណ៍ដើម្បីគោរពជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីបញ្ចប់ការចុះស្រាវជ្រាវត្រួតពិនិត្យតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីសុំមតិដឹកនាំលើការងារផ្សេងៗបន្តទៀត។
លោក ទូច សុខៈ ចំពោះលទ្ធផលនៃការចុះត្រួតពិនិត្យតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ គឺភាគច្រើនផ្ដោតទៅលើលោក អ៊ុំ រាត្រី ជាអភិបាលខេត្តដោយបានរកឃើញថា លោកអភិបាលខេត្តបានអនុវត្តសមស្របទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ច្បាប់ស្ដីពីសហលក្ខន្តិករាជការស៊ីវិល និតិវិធីរដ្ឋបាល គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល របស់ក្រសួងមហាផ្ទៃ ដោយធ្វើការបែកចែកតួនាទីភារកិច្ចដល់អភិបាលរងនីមួយៗទទួលផែនរៀងៗខ្លួន និងមានរបបប្រជុំកំណត់ជាទៀងទាត់ជាមួយក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធនៅក្រោមឱវាទ។
លោក ទូច សុខៈ បន្ថែមថា ចំពោះបណ្ដឹងប្រជាពរដ្ឋ១០០គ្រួសារដែលប្ដឹងមកក្រសួងមហាផ្ទៃស្នើសុំឲ្យផ្លាស់ប្ដូរអភិបាលខេត្ត និងអភិបាលរងខេត្តម្នាក់នោះ ជាលទ្ធផលក្រុមការងារចុះអង្កេតស្រាវជ្រាវបានរកឃើញថា ជម្លោះនេះបានកើតឡើងតាំងពីឆ្នាំ២០០៣មកម្លេះ រវៀងសមាគមអភិវឌ្ឍកសិកម្មជាតិ ជាមួយប្រជាពលរដ្ឋសរុប ១ ៦៤០ គ្រួសារ លើផ្ទៃដីប្រម៉ាណ ២០០ ហិកតា។ ហើយជាបន្តបន្ទាប់មក គឺមានការដោះស្រាយតាមប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការជាហូរហែ រហូតមកដល់អាណត្តិលោក អ៊ុំ រាត្រី កាន់តួនាទីជាអភិបាលខេត្ត លោកក៏បន្តដោះស្រាយទំនាស់នេះក្រៅប្រព័ន្ធតុលាការបន្តទៀត។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់បន្ថែមថា ជាលទ្ធផលការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះ គឺបានបញ្ចប់ទំនាស់រវៀងសមាគមអភិវឌ្ឍកសិកម្មជាតិជាមួយប្រជាពលរដ្ឋចំនួន ១ ៥៣៩ គ្រួសារ អញ្ចឹងនៅសល់តែប្រម៉ាណ១០០គ្រួសារ ដែលអាចវាយតម្លៃបានថា ស្មើនឹងជាង៩០ភារយ។ ចំពោះពលរដ្ឋ១០០គ្រួសារនេះ គឺកើតចេញពីមេខ្យល់មួយក្រុមតូចដែលនៅពីក្រោយដោយមិនទទួលយកនូវការដោះស្រាយ ពីព្រោះពួកគាត់មានដីច្រើននៅក្នុងតំបន់ទំនាស់ ទើបមិនព្រមទទួលយកដំណោះស្រាយក្រៅប្រព័ន្ធតុលាការ និងជំរុញឲ្យពលរដ្ឋផ្សេងៗទៀតឲ្យធ្វើបណ្ដឹងដោះដូរអភិបាលខេត្ត និងអភិបាលរងខេត្ត។
គួរំលឹកថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ការចាត់តាំងថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីរាជការចំនួន១០រូបរបស់ក្រសួង ឲ្យចុះស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃការអនុវត្តតួនាទី និងភារកិច្ច របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយប្រើរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣៕