ការវាយប្រហារដោយការបាញ់គ្រាប់មីស៊ីលរបស់រុស្សី ចំទីក្រុងធំៗចំនួន ២ របស់អ៊ុយក្រែន

មនុស្ស ១៨នាក់បានស្លាប់ និងជាង ១៣០នាក់ទៀតបានរងរបួស ក្រោយការវាយប្រហារដោយការបាញ់គ្រាប់មីស៊ីលរបស់រុស្សី ចំទីក្រុងធំៗចំនួន ២ របស់អ៊ុយក្រែន ដែលបានបំផ្លិចបំផ្លាញផ្ទះសម្បែងនិងហេដា្ឋរចនាសម្ព័នជាច្រើនកន្លែងយ៉ាងតំណំ ខណៈសង្គ្រាមខិតជិតដល់ឆ្នាំទី៣ហើយ។ នេះបើយោងតាមការឱ្យដឹងពីប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀ សេលេនស្គី (Volodymyr Zelenskiy) នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ ។

លោក Zelenskiy បាននិយាយនៅក្នុងវីដេអូនាពេលរាត្រីថា ប្រទេសរុស្ស៊ីបានបាញ់មីស៊ីលជាង៤០ ប្រភេទផ្សេងៗគ្នា នៅក្នុងការវាយប្រហារ ដើម្បីព្យាយាមគេចពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ លោកថាទីតាំងជាង ២០០កន្លែងត្រូវបានវាយប្រហារ ក្នុងនោះមានផ្ទះសម្បែង ១៣៩ខ្នង និងមនុស្សស្លាប់ជាច្រើននាក់ទៀត។

អភិបាលក្រុងនិងអភិបាលតំបន់ ខាគាវ (Kharkiv) បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៨ នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង បន្ទាប់ពីការវាយប្រហារម្តងហើយម្តងទៀតនៅក្នុងសង្គ្រាមរយៈពេល ២៣ខែកន្លងមកនេះ។ លោក អូឡេ ស៊ីនីហូប៊ូវ (Oleh Synehubov) អភិបាលតំបន់ Kharkiv ដដែលបានបន្តថា ប្លុកដែលមានអគារខ្ពស់ៗជាង ១០០កន្លែងត្រូវបានបំផ្លិចបំផ្លាញ តាំងពីការវាយប្រហារពីរលើកដំបូងមក។ លោកថានៅក្នុងការវាយប្រហារចំនួនបីលើកនេះ បានបណ្តាលឱ្យមនុស្សប្រាំពីរនាក់រងរបួស ខណៈសំណង់ផ្ទះល្វែង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតត្រូវបានបំផ្លាញ។

ដោយឡែកអគ្គសេនាធិការរបស់អ៊ុយក្រែនបាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបានបំផ្លាញមីស៊ីលចំនួន ២២គ្រាប់ក្នុងចំណោមមីស៊ីលចំនួន ៤៤ប្រភេទផ្សេងៗគ្នា។

សូមបញ្ជាក់ថា ការវាយប្រហារនេះបានធ្វើឡើងស្របពេលដែលរដ្ឋមន្ត្រីការពារជាតិរបស់អ៊ុយក្រែនលោក រ៉ាសធើម ម៉ូម៉េរ៉ូវ (Rustem Umerov) បានប្រាប់ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអន្តរជាតិចុងក្រោយបង្អស់ស្តីអំពីតម្រូវការការពារជាតិរបស់ទីក្រុង គៀវ (Kyiv) ថារុស្ស៊ីកំពុងបង្កើនការវាយប្រហារដោយមីស៊ីល។ លោកបានបន្តថា ក្នុងរយៈពេលពីរខែកន្លងមកនេះ កងកម្លាំងរុស្ស៊ីបានប្រើប្រាស់មីស៊ីលច្រើនជាង ៦០០គ្រាប់ និងយន្តហោះចម្បាំងគ្មានមនុស្សបើកជាង ១,០០០គ្រឿងក្នុងការវាយប្រហារអ៊ុយក្រែន។

គួរបញ្ជាក់ថាប្រទេសរុស្ស៊ីបានបើកការវាយប្រហារតាមអាកាសជាទៀងទាត់ទៅលើទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធ ចាប់តាំងពីការវាយលុកចូលអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ទន្ទឹមនឹងនោះដែរយោធាអ៊ុយក្រែនបាននិយាយថា កងទ័ពរបស់ខ្លួនកំពុងវាយលុកនៅតាមបណ្តោយរណសិរ្សភាគខាងកើតដ៏ធំទូលាយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds