កងទ័ពអ៊ីស្រាអែល បានបង្កើនការទម្លាក់គ្រាប់បែកលើទីក្រុង Khan Yunis ដែលជាចំណុចក្តៅចុងក្រោយនៃសង្រ្គាមនៅហ្គាហ្សា

កងទ័ពអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ បានបង្កើនការទម្លាក់គ្រាប់បែកលើទីក្រុង Khan Yunis ដែលជាចំណុចក្តៅចុងក្រោយនៃសង្រ្គាមនៅហ្គាហ្សា បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលលក្ខខណ្ឌរបស់ក្រុមហាម៉ាស សម្រាប់ការដោះលែងចំណាប់ខ្មាំង បើទោះបីជាមានសម្ពាធកាន់តែខ្លាំងឡើងពីគ្រួសារចំណាប់ខ្មាំងក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានរាយការណ៍ពីការវាយឆ្មក់ដ៏សាហាវនៅពេលយប់នៅក្នុងទីក្រុង Khan Yunis ដែលជាទីក្រុងដ៏ធំបំផុតនៅភាគខាងត្បូង Gaza Strip និងការប្រយុទ្ធគ្នាដោយហិង្សារវាងទាហានអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។

ក្រសួងសុខាភិបាលហ្គាហ្សាបានរាយការណ៍ឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្សជាង ១២០ នាក់ទៀតបានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

ខណៈពេលដែលការប្រយុទ្ធគ្នាកំពុងប្រមូលផ្តុំនៅភាគខាងត្បូង ប៉ុន្តែវាក៏មិនទាន់ចប់នៅឡើយទេនៅភាគខាងជើង ដោយអាជ្ញាធរហាម៉ាសរាយការណ៍ថា មានការបាញ់ផ្លោងនៅក្នុងតំបន់ហ្គាហ្សា ហើយសាក្សីបានឮសំឡេងផ្ទុះ។ ការវាយប្រហារនេះបានកើតឡើង បន្ទាប់ពីក្រុមហាម៉ាស់កាលពីថ្ងៃអាទិត្យ បានចេញរបាយការណ៍មួយដែលមានកម្រាស់ ១៦ ទំព័រ ដែលក្នុងនោះខ្លួនបានសារភាពថា បានធ្វើ «កំហុសមួយចំនួន» ប៉ុន្តែបានការពារការវាយប្រហារថ្ងៃទី ៧ ខែតុលា ដែលបង្កឱ្យមានសង្រ្គាម។

គួរបញ្ជាក់ថា ក្រុមហាម៉ាសបានបើកការវាយឆ្មក់ឆ្លងព្រំដែនអីស្រាអែល និងបានសម្លាប់មនុស្សប្រហែល ១,១៤០ នាក់ ដែលភាគច្រើនជាជនស៊ីវិល។
ជាការឆ្លើយតប អ៊ីស្រាអែលបានប្តេជ្ញាថានឹងកម្ទេចក្រុមនេះ​ ហើយបានបើកការវាយលុកឥតឈប់ឈរ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥,២៩៥ នាក់នៅហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds