អង្គការមួយគ្រោងកសាងមន្ទីរពេទ្យព្យាបាលជំងឺបេះដូង នៅខេត្តសៀមរាប

ភ្នំពេញ៖ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោក Elder Dale G.Renlund ថ្នាក់ដឹកនាំជាន់ខ្ពស់នៃអង្គការ Church of Jesus Christ  បានជម្រាបជូន​សម្តេចធិបតី អំពីគម្រោងកសាងមន្ទីរពេទ្យព្យាបាលជំងឺបេះដូង នៅខេត្តសៀមរាប។

លោក Elder Dale G.Renlund បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានគោរពជម្រាបជូន សម្ដេចធិបតីដោយសង្ខេបនូវសកម្មភាពការងាររបស់ Church of Jesus Christ ដែលផ្ដោតជាសំខាន់​ការកិច្ចការ​មនុស្សធម៌ ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍វិស័យសាសនា អប់រំ សុខាភិបាល និងអនាម័យទឹកស្អាតតាមមូលដ្ឋាន ។

លោកElder Dale G. Renlund ថា គម្រោងកសាងមន្ទីរពេទ្យព្យាបាល​ជំងឺបេះដូងមួយកន្លែង នៅក្នុងខេត្តសៀមរាប សំដៅជួយដល់ការព្យាបាល និងលេីកកម្ពស់​សុខមាលភាពប្រជាជនកម្ពជា  ព្រមទាំងបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ Church of Jesus Christ ក្នុងការបន្តចូលរួមចំណែកលើកកម្ពស់និងគាំទ្រវិស័យសុខាភិបាល និងលើការបណ្ដុះបណ្ដាល​កសាង​សមត្ថភាពរបស់ប្រជាពលរដ្ឋតាម សហគមន៍ នៅតាមមូលដ្ឋានផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះលទ្ធផល ដែលសម្រេចបាន របស់  Church  of Jesus Christ ក្នុងការគាំទ្រលើគម្រោងជាច្រើន ដែលបានផ្តល់ផលប្រយោជន៍​ដល់ប្រជាជនកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងគម្រោងថ្មីៗរបស់ Church of Jesus Christ ដែលបានរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ សម្ដេចធិបតីបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើការធានាឱ្យមានសេរីភាពខាងជំនឿសាសនា និងការធានានូវសុខដុមនីយកម្មខាងសាសនា នៅក្នុងសង្គមកម្ពុជា។

សម្ដេចធិបតី បានបញ្ជាក់ថា កម្ពុជាជាប្រទេស ដែលធ្លាប់បានឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏ជូរចត់ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលនៅពេលនោះ របបប្រល័យពូជសាសន៍ខ្មែរក្រហម បានលុបបំបាត់ចោលទាំងស្រុងរាល់ជំនឿសាសនារបស់ប្រជាពលរដ្ឋ។ តាមរយៈបទពិសោធន៍​ដ៏ជូរចត់នេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលមុនៗ ក៏ដូចជារាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានផ្ដោតយកចិត្តទុកដាក់លើការរក្សានូវសុខដុមនីយកម្មផ្នែកសាសនា ដែលជាមូលដ្ឋាន​ដ៏សំខាន់ សម្រាប់ការទទួលបាននូវសុខសន្តិភាព និងស្ថិរភាពពេញលេញនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds