រសៀលថ្ងៃស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតក្រសួងព័ត៌មាន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន ដែលពិធីនេះរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
ក្រសួងព័ត៌មាន បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២២ និងទី២៣ ខែមករា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ចំណុះឱ្យក្រសួងព័ត៌មាន ។
អង្គសន្និបាត មានធ្វើបទបង្ហាញពី ឯកឧត្តមរដ្ឋលេខាធិការ និងអគ្គនាយកនៃអគ្គនាយកដ្ឋានទាំង ៥ ចំណុះក្រសួងព័ត៌មាន ដើម្បីពិនិត្យនិងវាយតម្លៃនូវរាល់សមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធល្អៗ ដើម្បីរិះរកដំណោះស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានា និងបានដាក់ចេញនូវទិសដៅការងារ សម្រាប់ការអនុវត្តបន្តសំដៅលើកកម្ពស់វិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជាឱ្យកាន់តែប្រសើរ ឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕