បញ្ជូនអ្នកបើករថយន្ត Ford Ranger ទៅតុលាការ ក្រោយបើកបុករះនៅក្រោមស្ពានអាកាសឬស្សីកែវ ដែលបណ្តាលឲ្យស្លាប់៤នាក់់ និងរងរបួសមួយចំនួន
ម្ចាស់រថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-5954 ឈ្មោះ នាង សំអូន អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (មន្រ្តីគយ) មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (កំរិតជាតិអាកុល ០.៥៤)។
ចំណែកជនរងគ្រោះរួមមាន ទី១ ម៉ូតូម៉ាក Honda Click ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AP-7471 បើកបរដោយឈ្មោះ (មិនស្គាល់អត្តសញ្ញាណ ស្រី២នាក់) រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ
ទី២ ម៉ូតូម៉ាក Honda Beat ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1KG-7548 បើកបរដោយឈ្មោះ ហ៊ន ឧស្សាហ៍ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរជាស្រ្តីពីរនាក់ សំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត
ទី៣ ម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1J-3821 បើកបរដោយឈ្មោះ ង៉ែត ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិស្សិត មានទីលំនៅខេត្តពោធិ៍សាត់ (ស្លាប់នៅកន្លែងកើតហេតុ)។
ទី៤ ម៉ូតូម៉ាក Honda Scoopy ពណ៌ស ពាក់ផ្លាកលេខ បើកបរដោយ ឈ្មោះ តុល បញ្ញា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកលក់គ្រឿងសំណង់ និងឈ្មោះ ពេជ សុផាឡែន ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ស្លាប់ទាំង២ នៅកន្លែងកើតហេតុ)។
សូមជម្រាប់ជូនផងដែរថាកាលពីវេលាម៉ោង ៦៖៤០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
នៅមុនកើតហេតុគេឃើញចរាចរណ៍ដ៏មមាញឹក នៅចំណុចស្ដុបក្រោមស្ពានអាកាសឬស្សីកែវ ដោយមានអ្នកដំណើរដោយរថយន្ដ និងម៉ូតូជាច្រើនគ្រឿង ឈប់ចាំស្ដុប ស្រាប់តែមានបុរសម្នាក់បើករថយន្ដ Ford Ranger មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿន មកបុករះក្បាលនាគពុះ ចែកទ្រូងស្ពាន ម៉ូតូ៤គ្រឿង និងរថយន្ដចំនួន២គ្រឿង បណ្ដាលឲ្យរងការខូចខាត គាបជាប់ក្រោមរថយន្ដ រ៉ាយប៉ាយពេញផ្លូវ។
រីឯអ្នកជិះលើម៉ូតូបានបាត់បង់អាយុជីវិត៤នាក់ (ស្រី៣នាក់) និងរងរបួសធ្ងន់ស្រាលមួយចំនួនទៀត ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីពេទ្យកាល់ម៉ែត។ ពាក់ព័ន្ធករណីបើកបរល្បឿនលឿន និងបើកបរក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាកុល ០.៥៤ មីលីក្រាមក្នុងមួយលីត្រខ្យល់ ដើម្បីចាត់ការតាមនីតិវិធី៕