អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ផ្ដើមអនុវត្តការធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាប់ផ្ដើមអនុវត្តការធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ហើយ។
ការអនុវត្តការធ្វើតេស្តរកសារធាតុលើមន្ត្រីនគរបាលអន្តោប្រវេសន៍ នាពេលនេះ គឺដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអនុសាសន៍ណែនាំរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានណែនាំឱ្យគ្រប់អង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃ ត្រូវរឹតបន្ដឹងចំពោះបញ្ហាគ្រឿងញៀន និងមន្ត្រីក្រោមឱវាទដែលមានការពាក់ព័ន្ធនឹងបញ្ហានេះ។
អនុវត្តតាមបទបញ្ជា និងខ្លឹមសារណែនាំក្នុងការរឹតបន្ដឹងវិធានការម៉ឺងម៉ាត់ចំពោះមន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលមានការពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់នោះ ទើបអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ផ្ដើមអនុវត្តការធ្វើតេស្តរកសារធាតុជាតិញៀនលើមន្ត្រីក្រោមឱវាទទាំងអស់របស់ខ្លួន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
នាពេលកន្លងមក លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្កនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានក្រើនរំលឹកដាស់តឿនឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិទាំងអស់ ត្រូវជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងបានប្រាប់ឱ្យប៉ុស្តិ៍ច្រកទ្វារ ត្រូវរៀបចំពិនិត្យរកសារធាតុញៀនដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការទាំងអស់ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបន្សុទ្ធកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឱ្យមានពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ហើយក្នុងករណីរកឃើញថា កងកម្លាំងណាបានប្រើប្រាស់ ឬពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខ័ណ្ឌភ្លាមៗ។ ចំពោះកម្លាំងប្រដាប់អាវុធណាដែលជួញដូរគ្រឿងញៀន ត្រូវបានសម្ដេចធិបតី បញ្ជាក់ថា មិនត្រឹមតែបណ្តេញចេញពីក្របខ័ណ្ឌនោះទេ ថែមទាំងត្រូវប្រឈមចំពោះមុខច្បាប់ជាធរមានផងដែរ៕