​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគីរី ៖ ជនជាតិ​ដើម​ភាគតិច​ខេត្ត​រតនគីរី ​ចាប់​អារម្មណ៍​លើ​ជំនាញ​សម្អាង​កាយ​ជាងគេ

បន្ទាប់ពី ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ កន្លង​ទៅ បាន​បើក​បវេសនកាល​ជា​ផ្លូវការ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥ លាន​នាក់ ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នាយកនៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគីរី អះអាងថា ជនជាតិ​ដើម​ភាគតិច​ខេត្ត​រតនគីរី បាន​ចាប់​អារម្មណ៍​លើ​ជំនាញ​សម្អាង​កាយ​ជាងគេ​ក្នុងចំណោម​ជំនាញ​ទាំង ៥ របស់​មជ្ឈមណ្ឌល​វិជ្ជាជីវៈ។

លោក សែម ប៉ាត នាយកមជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគីរី ទទួល​បាន​យុវជន​ជា​ជនជាតិ​ដើម​ភាគតិច​ចុះឈ្មោះ​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ប្រមាណ ៦១ នាក់។ ភាគច្រើន​​ជនជាតិ​ទាំងនោះ មកពី​ជនជាតិ ព្រៅ កាវ៉ែត ទំពួន គ្រឹង ចារ៉ាយ កាចក់ និង​ឡាវ។ ពួកគេ​ភាគច្រើន បាន​ចុះ​ឈ្មោះ​ចូលរៀន​ជំនាញ​សម្អាង​កាយ និង​បន្ទាប់​មក​ទៀត​មាន​មុខជំនាញ​រចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ ដំឡើង​បណ្ដាញ​អគ្គិសនី សេវាកម្ម​សម្អាង​កាយ និង​សេវាកម្ម​កាត់សក់។

លោក សែម ប៉ាត បន្ត​ថា ចាប់​តាំងពី សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១.៥ លាន​នាក់ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លង​ទៅ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគីរី បាន​ទទួល​យុវជន​មក​ចុះ​ឈ្មោះ​ចូលរៀន​ចំនួន ២៤០ នាក់ ស្រី ៩៧ នាក់ លើ​ជំនាញ​ចំនួន ៥ ដែល​ជា​ជំនាញ​មាន​តម្រូវការ​ទីផ្សារ​ការងារ​ខ្ពស់ តាម​បណ្ដា​ក្រុមហ៊ុន​សហគ្រាស និង​ទទួល​ប្រាក់ចំណូល​សមរម្យ​នា​ពេល​បច្ចុប្បន្ន​នេះ។ មជ្ឈមណ្ឌល ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ទទួល​សិស្ស​ចូលរៀន​តាំងតែ​ពី​ថ្ងៃ​ទី ១៥ ខែ​មករា មក​ម្ល៉េះ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ទៅ​ដល់​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ចំនួន ១ លាន ៥ សែន​នាក់ ដែល​មាន​រយៈពេល ៤ ខែ សិក្សា​ដោយ​ឥតគិតថ្លៃ។ ម្យ៉ាងវិញទៀត យុវជន​ដែល​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ២៨ ម៉ឺន​រៀល រហូតដល់​បញ្ចប់​ការ​សិក្សា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds