ស្នងការខេត្តកំពង់ស្ពឺ បដិសេធការផ្សព្វផ្សាយថា កម្លាំងអន្ដរាគមន៍ចុះព័ទ្ធសាលាដំបូងពាក់ព័ន្ធ ពាក់ពន្ធ័ករណីលោក ង៉ាម រី
គណនីហ្វេសប៊ុកចំនួន២ ដែលលើកឡើងថា កម្លាំងអន្ដរាគមន៍ចុះព័ទ្ធសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលោក ង៉ាម រី ស្នងការរងខេត្តកំពង់ស្ពឺ ត្រូវឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីក្លែងឯកសារ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានធ្វើការបដិសេធ និងច្រានចោលការផ្សព្វផ្សព្វផ្សាយនេះ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ថា ការផ្សព្វផ្សាយនេះ គឺជារឿងមិនពិត ហើយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក៏បានស្នើសុំឲ្យម្ចាស់គណនីហ្វេសប៊ុកទាំងពីរ កែសម្រួលខ្លឹមសារឡើងវិញរយៈពេលឆាប់រហ័សបំផុត ក្នុងករណីមិនកែ ក្នុងនាមអង្គភាពស្នងការដ្ឋាននគរបាលខេត្តសុំសិទ្ធិអនុវត្ដច្បាប់។
សូមជម្រាបថា បន្ទាប់កម្លាំងនគរបាលខេត្តកំពង់ស្ពឺបញ្ជូនខ្លួនលោកឧត្ដមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ទៅសាលាដំបូងខេត្ត មានគណនីហ្វេសប៊ុកមួយបានបង្ហោះផ្សព្វផ្សាយថា «លោកផ្កាយ១ ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ពេលនេះត្រូវបានកូនចៅរបស់លោកនៅកងអន្ដរាគមន៍ការពារយ៉ាងព្រោងព្រាតជាទីបំផុត គ្រាដែលលោកត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺនាព្រឹក១៩ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធការក្លែងឯកសាររៀបការប្រពន្ធថ្មី ក្រោយពេលប្រពន្ធដើមប្ដឹង»។ ចំណែកម្ចាស់គណនីហ្វេសប៊ុកមួយទៀតក៏បានលើកឡើងដែរថា «ចប់ហើយលោកស្នងការរង! ភរិយាឋានៈដល់អធិការរង នគរបាលខណ្ឌសែនសុខ ថ្លើមធំធ្វើលិខិតក្លែងក្លាយទៅការប្រពន្ធថ្មី ឥឡូវខ្នោះតាមបំណង បញ្ជូនខ្លួនលោកផ្កាយ១ ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ទៅកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺនាព្រឹកថៃ្ងទី១៩ ខែមករា កម្លាំងកងអន្ដរាគមន៍ការពារសន្ដិសុខម៉ត់ចត់បំផុត!»។
សូមបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរង ជួយដឹកនាំការងារការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធលួចការប្រពន្ធថ្មី ដោយក្លែងបន្លំឯកសារសាធារណៈ តាមបណ្តឹងរបស់ប្រពន្ធដើមដែលមិនទាន់លែងលះគ្នាដាច់ស្រឡះ។
តាមប្រភពបានបញ្ជាក់ថា លោកស្នងការរង ង៉ាម រី បានរត់ឯកសារបញ្ជាក់ភាពពោះម៉ាយ និងស្នើសុំច្បាប់រៀបអាពារពិពាហ៍ដោយដាក់ឈ្មោះ ឃុត វឌ្ឍនា អាយុ៥២ឆ្នាំ ទីកន្លែងកំណើត នៅភូមិខ្នរ ឃុំព្រែលាប ស្រុកមុខកំពូល ខេត្តកណ្តាល បច្ចុប្បន្ននៅផ្ទះលេខ ៣១៦E2 ផ្លូវម៉ៅស៊ីទុង ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកផ្កាមួយរូបនេះប្រឈមមុខនឹងច្បាប់ស្តីពី ឯកពន្ធភាពបទល្មើស «ផិតប្តី-ផិតប្រពន្ធ» បទល្មើស «ស្មន់» បទល្មើស «ទ្វេពន្ធភាព» និងទោសត្រូវអនុវត្ដក្នុងច្បាប់ស្តីពី ឯកពន្ធភាព និងករណីក្លែងបន្លំឯកសារសាធារណៈក៏ត្រូវផ្តន្ទាទោសតាមច្បាប់ផងដែរ៕