កម្ពុជាចង់បង្កើនទំនាក់ទំនងវិនិយោគនិងពាណិជ្ជកម្មជាមួយបារាំងបន្ថែមទៀត

ក្នុងឱកាសថ្លែងសេចក្តីថ្លែងការណ៍រួមគ្នាជាមួយលោក អេម៉ានុយអែល​ ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅក្នុងទីក្រុងប៉ារីស នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ទៅលោកម៉ាក្រុងថា កម្ពុជាមានបំណងចង់បង្កើនទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មជាប្រទេសបារាំងបន្ថែមទៀត ខណៈទំនាក់ទំនងវិស័យឯកជននិងឯកជនលើផ្នែកវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាលំដាប់។

ជាមួយគ្នា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងដែរថា នាប៉ុន្មានថ្ងៃកន្លងមកនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង សម្ដេចបានជួបជាមួយនឹងថ្នាក់ដឹកនាំ និងវិស័យឯកជនជាច្រើនរបស់បារាំង។ សម្ដេចនាយករដ្ឋមន្រ្តី សង្ឃឹមថា ការជួយ និងការជំរុញរបស់រាជរដ្ឋាភិបាលប្រទេសទាំងពីរនឹងជំរុញលើកទឹកចិត្តឱ្យវិស័យឯកជន បានធ្វើការទំនាក់ទំនង និងវិនិយោគរវាងប្រទេសទាំងពីរឱ្យបានកាន់តែច្រើន។ ជាពិសេស សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីសង្ឃឹមថា ជំនួបជាមួយប្រធានាធិបតីបារាំង នឹងអាចឱ្យមានការជជែកគ្នាបន្តទៅទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងបារាំង។

គួរឱ្យដឹងថា ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​បារាំង ​បាន​ឈាន​ដល់​ ​៥​១​៥​,​២​១​ ​លាន​ដុល្លារ​កាលពីឆ្នាំ២០២៣ ខណៈដែលបារាំងនៅតែជាដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏ធំបំផុតរបស់អឺរ៉ុបមួយនៅកម្ពុជាដោយមានទំហំសរុប ៤,៦ ពាន់លានដុល្លារកាលពីឆ្នាំកន្លងទៅ។ បារាំង គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជានៅក្នុងតំបន់អឺរ៉ុប ដែលទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅបារាំង រួមមាន អង្ករ ផលិតផលកសិកម្ម សម្លៀកបំពាក់ និងស្បែកជើង ជាដើម។ រីឯ ទំនិញនាំចូលសក្តានុពលពីបារាំងមកកម្ពុជាវិញ រួមមាន ឱសថ បន្ទះក្តារ និងភេសជ្ជៈ ដោយនៅក្នុងមួយឆ្នាំៗ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំង មានទឹកប្រាក់ជាង ១ពាន់លានអឺរូ ខណៈដែលទៅថ្ងៃអនាគត បារាំងបានប្តេជ្ញាបង្កើនទំហំទឹកប្រាក់ឱ្យកើនជាងនេះបន្ថែមទៀត។ ជាក់ស្ដែងនៅឆ្នាំ២០២២ កម្ពុជា និងបារាំងសម្រេចបានទំហំពាណិជ្ជកម្មប្រមាណជាង ៥០០លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណ ១៦.៣១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds