សាលាដំបូងខេត្តកំពង់ស្ពឺ កំពុងធ្វើការសាកសួរស្នងការរងម្នាក់ ពាក់ព័ន្ធករណីអំពើផិតក្បត់ និងក្លែងបន្លំឯកសារសាធារណៈ
កំពង់ស្ពឺ៖ សំណុំរឿងលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ពេលនេះបញ្ជូនទៅដល់ដៃតុលាការ ខណៈតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កំពុងធ្វើការសាកសួរពាក់ព័ន្ធករណីអំពើផិតក្បត់ និងក្លែងបន្លំឯកសារសាធារណៈ។
លោកស្រីវរសេនីយ៍ឯក មូន មល្លិកា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យសារព័ត៌មានក្នុងស្រុកដឹងនៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នេះ ថា «លោកស្នងការរងនគរបាលម្នាក់ ដែលបានលួចរៀបការប្រពន្ធថ្មី ត្រូវសមត្ថកិច្ចនគរបាលជំនាញប្រឆាំងការជួញដូរមនុស្សឃាត់ខ្លួននោះ បានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនិតិវិធច្បាប់។ ខណៈពេលនេះជនសង្ស័យត្រូវបានតំណាងអយ្យការកំពុងធ្វើការសាកសួរពាក់ព័ន្ធអំពើផិតក្បត់។ ចំណែកករណីផ្សេងទៀត គឺខាងជំនាញរបស់គេធ្វើផ្សេងទៀត»។
សូមបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរង ជួយដឹកនាំការងារការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធលួចការប្រពន្ធថ្មី ដោយក្លែងបន្លំឯកសារសាធារណៈ តាមបណ្តឹងរបស់ប្រពន្ធដើមដែលមិនទាន់លែងលះគ្នាដាច់ស្រឡះ។
តាមប្រភពបានបញ្ជាក់ថា លោកស្នងការរង ង៉ាម រី បានរត់ឯកសារបញ្ជាក់ភាពពោះម៉ាយ និងស្នើសុំច្បាប់រៀបអាពារពិពាហ៍ដោយដាក់ឈ្មោះ ឃុត វឌ្ឍនា អាយុ៥២ឆ្នាំ ទីកន្លែងកំណើត នៅភូមិខ្នរ ឃុំព្រែលាប ស្រុកមុខកំពូល ខេត្តកណ្តាល បច្ចុប្បន្ននៅផ្ទះលេខ ៣១៦E2 ផ្លូវម៉ៅស៊ីទុង ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកផ្កាមួយរូបនេះប្រឈមមុខនឹងច្បាប់ស្តីពី ឯកពន្ធភាពបទល្មើស «ផិតប្តី-ផិតប្រពន្ធ» បទល្មើស «ស្មន់» បទល្មើស «ទ្វេពន្ធភាព» និងទោសត្រូវអនុវត្ដក្នុងច្បាប់ស្តីពី ឯកពន្ធភាព និងករណីក្លែងបន្លំឯកសារសាធារណៈក៏ត្រូវផ្តន្ទាទោសតាមច្បាប់ផងដែរ៕