ក្រសួងការងារ៖ អគ្គិភ័យនៅរោងចក្រ យីដា ហ្គាមេន បង្កឱ្យមានកម្មករនិយោជិតរងគ្រោះចំនួន២១នាក់ ក្នុងនោះស្លាប់១នាក់

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ករណីឧបទ្ទវហេតុអគ្គិភ័យនៅរោងចក្រ យីដា ហ្គាមេន កាលពីថ្ងៃទី១៨មករាបានបង្កឱ្យមានកម្មករនិយោជិតរងគ្រោះចំនួន២១នាក់ ក្នុងនោះស្លាប់១នាក់ ក្នុងនោះកម្មករនិយោជិតទាំងអស់បាន​ទទួលការជួយសង្គ្រោះពីអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីគ្រប់អង្គភាពពាក់ព័ន្ធនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយយកចិត្តទុកដាក់បំផុត។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីករណីឧបទ្ទវហេតុអគ្គិភ័យ នៅរោងចក្រ យីដា ហ្គាមេន ចុះកាលពីយប់ថ្ងៃទី១៨មករាបានឱ្យដឹងថា មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​ទុក និង​ចែកចាយ​សារធាតុ​គីមី សម្រាប់​បោកគក់ នៃ​រោងចក្រ យី​ដា ហ្គា​មេន ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ឧបទ្ទវហេតុ​អគ្គិភ័យ​នេះ បាន​បង្ក​ឱ្យ​មាន​កម្មករនិយោជិត​រង​គ្រោះ សរុប​ចំនួន ២១​នាក់ (​ស្រី ៤​នាក់​) ក្នុង​នោះ​រង​របួសស្រាល​ចំនួន ២០​នាក់ និង​ស្លាប់​ចំនួន ១​នាក់ បន្ទាប់​ពី​ប​ញ្ចូ​ន​ទៅ​ដល់​មន្ទីរពេទ្យ។

ក្រសួងបានបន្តថា គិតត្រឹមវេលាម៉ោង៦និង៣០នាទីល្ងាចនេះ ជនរងគ្រោះចំនួន១៧នាក់ បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ និងចំនួន២នាក់នៅមន្ទីរពេទ្យបង្អែកកៀនស្វាយ រីឯជនរងគ្រោះចំនួន១នាក់ទៀតដែលសម្រាកនៅមណ្ឌលសុខភាពឈើទាល មានអាការៈធូរស្រាល និងបានវិលត្រឡប់ទៅគេហដ្ឋានវិញ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារនៃសព ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈបេឡាជាតិសន្តិសុខសង្គមសាខាខេត្តកណ្តាល បានរៀបចំវិភាជន៍បូជាសព ផ្នែកហានិភ័យការងារចំនួន១០លានរៀល ប្រគល់ជូនគ្រួសារសព និងបន្តជួយដោះស្រាយទុក្ខលំបាករបស់កម្មករនិយោជិតជាជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល និងក្រុមគ្រួសារស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។

ជាមួយគ្នានេះដែរក្រសួងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ និងអាណិតស្រលាញ់ជាទីបំផុតជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ហើយសូមជូនពរដល់អ្នករងរបួសទាំងអស់ឆាប់បានជាសះស្បើយ។ ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចេញនូវវិធានការ និងយុទ្ធនាការរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយ បញ្ហាគ្រោះអគ្គិភ័យដែលអាចកើតមាននៅតាមសហគ្រាស
គ្រឹះស្ថានជាយថាហេតុ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds