កម្ពុជាដុតដៃដុតជើងប្រមូលធាតុចូលសម្រាប់ឆ្លើយតបសំណួរវាយតម្លៃរបស់អាមេរិកពាក់ព័ន្ធការប្រឆាំងការជួញដូរមនុស្ស
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំអន្តរក្រសួង កម្រិតបច្ចេកទេស បន្តប្រមូលធាតុចូល និងព័ត៌មានពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងសំណួរវាយតម្លៃរបស់សហរដ្ឋអាមេរិក សម្រាប់របាយការណ៍ ស្តីពីការងារប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា។ កិច្ចប្រជុំនេះដឹកនាំដោយ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)បានស្នើដល់អង្គប្រជុំ ដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមគ្នាបន្តពិនិត្យ និងផ្ដល់ធាតុចូលឱ្យបានត្រឹមត្រូវ ដើម្បីដាក់បំពេញជាចម្លើយក្នុងកម្រងសំណួរ ហើយសហការគ្នាពីគ្រប់អង្គភាព ស្ថាប័ន ក្នុងការពិនិត្យលើរបៀប និងទម្រង់នៃការឆ្លើយតប ទៅនឹងការស្នើសុំរបស់អាមេរិក។
ពាក់ព័ន្ធទៅនឹងកម្រងសំណួរវាយតម្លៃ ត្រូវបានបែងចែកជូនក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ដូចជា៖ នគរបាលប្រឆាំងការជួញដូរមនុស្ស និងនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ គណៈកម្មាធិការធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងយុត្តិធម៌ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
គួររម្លឹកថា ក្នុងសន្និសីទសារព័ត៌មាន ស្តីពី“ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា”នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ លោកស្រីជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានប្ដេជ្ញាថា កម្ពុជានឹងបន្តបង្ក្រាបលើបទល្មើសជួញដូរមនុស្ស ទោះបីជាកម្ពុជាបានចូលទៅក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្សក៏ដោយ។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះឱ្យដឹងថា អង្គការដៃគូមួយចំនួននៅតែបន្តលើកទឹកនិងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យបន្តបង្ក្រាបលើបទល្មើសជួញដូរមនុស្ស ក្នុងនោះក៏មានទាំងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាផងដែរ។
គួរឱ្យដឹងដែរថា របាយការណ៍ប្រចាំឆ្នាំចេញដោយក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បង្ហាញថា អាមេរិកបានដាក់បញ្ចូលប្រទេសកម្ពុជា វៀតណាម និងម៉ាកាវ ក៏ដូចជាបេឡារុស និងប៊ុលហ្គារីចូលទៅក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស។ ការដាក់បញ្ជូលកម្ពុជា និងប្រទេសទាំងនេះចូលទៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកនេះ ធ្វើឡើងក្រោមហេតុផលថា រដ្ឋាភិបាលកម្ពុជា និងប្រទេសមួយចំនួនខាងលើមានកិច្ចខិតខំតិចតួច ក្នុងការលុបបំបាត់បទល្មើសចាប់បង្ខំផ្លូវភេទ ឬការជួញដូរមនុស្ស៕