USAID បានសន្យាបន្តផ្តល់ជំនួយដល់កម្ពុជាបន្ថែមទៀតសម្រាប់លើកស្ទួយវិស័យអប់រំ បរិស្ថាន និងវិស័យមួយចំនួនទៀត
ក្នុងកិច្ចជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID ) បានសន្យាបន្តផ្តល់ជំនួយដល់កម្ពុជាបន្ថែមទៀតសម្រាប់លើកស្ទួយវិស័យអប់រំ បរិស្ថាន និងវិស័យមួយចំនួនទៀតដើម្បីលើកកម្ពស់ជីវភាពដល់សហគមន៍ជាដើម។
លោកស្រី Samantha Power បានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងការបន្តការផ្ដល់ជំនួយលើវិស័យអប់រំ និងបរិស្ថាន ដែលផ្តោតលើការអភិរក្សជីវៈចម្រុះ ការការពារប្រព័ន្ធអេកូឡូស៊ី និងការលើកកម្ពស់ជីវភាពសហគមន៍នៅកម្ពុជា។ ជាមួយគ្នានេះដែរ ប្រធានទីភ្នាក់ងារ USAID បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ហើយលោកស្រីបានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពការងាររបស់ USAID នៅកម្ពុជា ពិសេសក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការការពារកុមារតូចតាមរយៈកិច្ចសហប្រតិបត្តិការរវាងUSAID និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់កម្មវិធីអប់រំ អនាម័យ និងបរិក្ខាសិក្សានៅតាមសាលារៀនសម្រាប់កុមារតូចជាដើម។
ឆ្លៀតក្នុងឱកាសនោះលោកស្រីក៏បានកោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយអត្រាជំងឺឆ្លង និងកាត់បន្ថយអត្រាមរណភាពរបស់ទារក និងកុមារតូចក្រោមអាយុ៥ឆ្នាំផងដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងនូវក្តីរីករាយ ចំពោះគម្រោងកិច្ចសហប្រតិបត្តិការរបស់ USAIDនៅកម្ពុជា នាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយរបស់USAID ដែលបានរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើនសង្គម-សេដ្ឋកិច្ច របស់កម្ពុជា។
ជាមួយគ្នានោះសម្តេចនាយករដ្ឋមន្រ្តីក៏បានរំលឹក និងថ្លែងអំណរគុណចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបន្តផ្តល់ជំនួយចំនួន១៨ លានដុល្លារអាមេរិក តាមរយៈ USAID ដល់កម្ពុជា ក្នុងពេលសម្តេចធិបតីបានទទួលជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ Victoria Nuland អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នាឱកាសអញ្ជើញបំពេញទស្សនកិច្ចទៅចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨នៅបុរីញូយ៉កន្លងមកផងដែរ៕