“គម្រោងព្រែកជីកហ្វូណនតេជោ”គ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី៤ឆ្នាំនេះ
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលត្រូវបានប្រសិទ្ធនាមថាគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា គ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ខាងមុខ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។
ព្រែកជីកហ្វូណនតេជោ ត្រូវបានប្រសិទ្ធនាមឡើង នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ និងបន្តមកនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរការអនុវត្តគម្រោងនេះផងដែរ។
គម្រោងព្រែកជីកហ្វូណនតេជោមានប្រវែងសរុប ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។ គម្រោងព្រែកជីកជាប្រវត្តិសាស្រ្តនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។
តាមគម្រោង ព្រែកជីកហ្វូណនតេជោនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។
យោងតាមការសិក្សា គម្រោងព្រែកជីកហ្វូណនតេជោនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ព្រមទាំងបង្កើតនូវតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ។ គម្រោងនេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត ហើយក៏ជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យផងដែរ។
គួរឱ្យដឹងដែរថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ រវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុននេះសិក្សាលម្អិតលើគម្រោងព្រែកជីកហ្វូណនក្នុងរយៈពេល៨ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល ៨ខែនេះ គឺឈានដល់ការចរចា ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងសាងសង់តែម្តង៕