សមត្ថកិច្ចបញ្ជូនខ្លួនជនបង្កបេីករថយន្តបុកម៉ូតូ២គ្រឿងស្លាប់ម្នាក់ទៅតុលាការ

បុរសម្នាក់ដែលជាអ្នកបេីករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បញ្ជូនទៅកាន់តុលាការនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យចំណែកឯបុរសម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈពេលជិះម៉ូតូតាមផ្លូវត្រូវរថយន្តម៉ាកTOYOTA TACOMA ពាក់ស្លាកលេខ ខេមរភូមិន្ទ បើកដោយបុរសម្នាក់ទាំងស្ថានភាពស្រវឹងបុករះពីក្រោយម៉ូតូពេញទំហឹង រួចមានជនឆក់ឱកាសលើកយកម៉ូតូជនរងគ្រោះម៉ាកscoopy មួយគ្រឿងជិះទៅបាត់ ចំណែករថយន្តបង្ក និងអ្នកបើកបរសមត្ថកិច្ចតាមឃាត់បាន ចំណុចលើផ្លូវ៩២កែងផ្លូវ ភ្នំពេញហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានី ភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ រស់ កុសល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នករត់តុការ មានស្រុកកំណេីតនៅស្រុកស្អាង ខេត្តកណ្ដាល ចំណែកជនរងគ្រោះម្នាក់ទៀតមិនស្គាល់ឈ្មោះ ជិះម៉ូតូម៉ាកហុងដាស្គុបពីពណ៌សមិនចាំស្លាកលេខ (ត្រូវជនសង្ស័យលួចទៅបាត់)។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ២នាក់ជិះម៉ូតូ២គ្រឿងផ្សេងគ្នា មួយគ្រឿងម៉ាកហុងដាស្កុបពីពណ៌សមិនចាំស្លាកលេខ និងមួយគ្រឿងទៀតម៉ាក ហុងដា បីត ពណ៌សពាក់ស្លាកលេខ កណ្តាល 1AS-0435 ជិះស្របគ្នាតាមបណ្តោយផ្លូវលេខ៩២ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម ខណៈពេលជិះមកដល់ចំណុចកើតហេតុកែងផ្លូវភ្នំពេញហាណូយ ស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងម៉ាក តាកូម៉ា ពណ៌សពាក់ផ្លាកលេខ ខេមរភូមិន្ទ 02 2- 0035 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ៩២មកពីក្រោយស្របទិសគ្នាពីកើតមកលិចក្នុងល្បឿនយ៉ាងលឿនទាំងស្ថានភាពស្រវឹងជោគមកបុករះពីក្រោយម៉ូតូទាំង២គ្រឿងពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ។ ភ្លាមនោះរថយន្តបង្កមិនព្រមឈប់ដោះស្រាយទេព្យាយាមរត់រហូតទៅដល់ផ្លូវបេតុង ឱកាសខ្ញុំត្រូវសមត្ថកិច្ចតាមឃាត់បានទាំងរថយន្ត និងអ្នកបើករថយន្តយកទៅប៉ុស្ថិ៍នគរបាលសង្កាត់ភ្នំពេញថ្មីសួរនាំបន្តនិងទុកប្រគល់ឲ្យសមត្ថកិច្ចជំនាញ។ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ តែដោយសារម្នាក់រងរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់បាត់ទៅ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds