លោក ពូទីន៖ ឋានៈជាប្រទេសមួយសម្រាប់អ៊ុយក្រែន ស្ថិតក្នុងហានិភ័យប្រសិនបើគំរូនៃសង្រ្គាមនៅតែបន្ត

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ឋានៈជាប្រទេសមួយសម្រាប់អ៊ុយក្រែន អាចទទួលរងនូវការវាយលុកដែលមិនអាចជួសជុលបាន ប្រសិនបើគំរូនៃសង្រ្គាមនៅតែបន្ត ហើយគេនឹងមិនអាចបង្ខំឲ្យរុស្ស៉ី បោះបង់ចោលផលប្រយោជន៍ដែលខ្លួនយកបាននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤។

លោក ពូទីន បានធ្វើអត្ថាធិប្បាយតាមទូរទស្សន៍បែបនេះ មួយថ្ងៃបន្ទាប់ពី ស្វីសយល់ព្រមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន ទៅតាមសំណើរបស់ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងបានច្រានចោលនូវអ្វីដែលគេហៅថាជារូបមន្តសន្តិភាព ដែលកំពុងត្រូវបានពិភាក្សាដោយលោកខាងលិច និងអ៊ុយក្រែន ហើយចាត់ទុកថាវាជាលក្ខខណ្ឌដែលមិនអាចទៅរួច។

លោក ពូទីន បានគូសបញ្ជាក់ យ៉ាងដូច្នេះថា «បើពួកគេមិនចង់ កុំចរចាអី។ បច្ចុប្បន្ន វាច្បាស់ណាស់ហើយថា មិនត្រឹមតែប្រតិបត្តិការវាយបករបស់អ៊ុយក្រែនទេដែលបរាជ័យ ប៉ុន្តែគំនិតផ្តួចផ្តើមនេះក៏ស្ថិតក្នុងដៃរុស្ស៉ីទាំងស្រុងផងដែរ។ ប្រសិនបើការនេះនៅតែបន្ត ឋានៈជាប្រទេសមួយសម្រាប់អ៊ុយក្រែន អាចនឹងទទួលរងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរដែលមិនអាចជួសជុលបាន»

គួរបញ្ជាក់ថា បច្ចុប្បន្នរុស្ស៉ី កំពុងគ្រប់គ្រង ១៧.៥ភាគរយនៃទឹកដីអ៊ុយក្រែន។ ឈានចូលមកដល់ជិត ២ឆ្នាំ សេចក្តីថ្លែងការណ៍របស់ លោក ពូទីន អំពីដំណើរការនៃសង្រ្គាម ហាក់បីដូចជាកាន់តែមានទំនុកចិត្ត ជាមួយនិងការវាយលុកកាន់តែខ្លាំងលើអ៊ុយក្រែន ក្នុងប៉ុន្មានខែចុងក្រោយនេះ ហើយក៏ស្របពេលដែលប្រតិបត្តិការវាយបករបស់អ៊ុយក្រែន មានភាពរីកចម្រើនតិចតួចបានផ្តល់ផលចំណេញយ៉ាងច្រើនសម្រាប់កងកម្លាំងរុស្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds