ឃាត់ខ្លួនសមាជិកក្រុមបងធំ “NY3” ចំនួន៧នាក់ ក្នុងចំណោម១០នាក់ពាក់ព័ន្ធករណីអំពើហិ.ង្សាដោយចេតនា
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ នៅវេលាម៉ោង១២និង៤០នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ ដែលមានរហ័សនាមក្រុមឈ្មោះ “NY3” ពាក់ព័ន្ធករណីអំពើហិ.ង្សាដោយចេតនា ( យកកាំបិតបុ័ងតោ កា.ប់ឱ្យរងរបួសធ្ងន់ និងខូចខាតទ្រព្យសម្បត្តិ ជាម៉ូតូ) ។
ជនសង្ស័យចំនួន០៧នាក់ រួមមាន ៖ ទី១- ឈ្មោះ សុខ ហ៊ុនណារិទ្ធ ហៅក្រៅ ដេមបូ, ទី២- ឈ្មោះ សុខ លឿនឧត្ដម, ទី៣ឈ្មោះ ចាន់ លីហេង អ្នកទាំង៣ មានមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។
ទី៤- ឈ្មោះ រ៉េត សិរីវឌ្ឍនៈ ហៅក្រៅហុង មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌប្ញស្សីកែវ។ ទី៥ឈ្មោះ ម៉ើ សារីហ្វីន ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ, ទី៦ ឈ្មោះ សយ គីមស្រ៊ុន ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខN០១ ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ និងទី៧ឈ្មោះ ឃុន មេនឋានៈ ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៥៦ខេ ផ្លូវ៤អា ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។
វត្ថុតាងដកហូត រួមមាន កាំបិតបុ័ងតោ ចំនួន០១ដើម, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-8460, ម៉ូតូម៉ាកហុងដា scoop yពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IW-3073, ម៉ូតូម៉ាកscoopy ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1JQ-7363 និងខូចខាតម៉ូតូ០១គ្រឿង ផ្នែកកុងទ័រ ដាច់ផ្លាកលេខ និងបែកម៉ាស៊ីន។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕