ឃាត់ខ្លួនមនុស្ស៣៦នាក់ ពាក់ព័ន្ធការប្រើប្រាស់ឧបករណ៍ខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប

បាត់ដំបង៖ មនុស្សចំនួន ៣៦នាក់ពាក់ព័ន្ធការប្រើប្រាស់ឧករណ៍នេសាទខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប នៅក្នុងខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចបើកការបង្ក្រាបនាំខ្លួនទៅ ណែនាំ និងអនុវត្តច្បាប់។​

មន្ត្រីជំនាញបានឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់បែបភ្លៀងរលឹមខាងលើធ្វើឡើងរយ:ពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី១៣ និងថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ ត្រង់ភូមិសាស្ត្រតំបន់អូរពាក់កន្ទេល, តំបន់អន្លង់បី, ព្រែកដា និងតំបន់អន្លង់តាឆន (អតីតឡូត៍នេសាទលេខ២) ក្នុងតំបន់រ៉ាមសារព្រែកទាល់ឃុំកោះជីវាំង ស្រុកឯកភ្នំ ខខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការបង្ក្រាបនេះកម្លាំងចម្រុះ បានដកហូតបានវត្ថុតាងជាច្រើនរួមមាន សាច់ម៉ងប្រវែង១៤,៣៥០ម៉ែត្រ ឧបករណ៍ឡុកដាក់ត្រីចំនួន ៤៥ឡុក បង្គោលឈើចំនួន ៨០០ដើម បានលែងកូនត្រីពូជចម្រុះជាង ៣០០គីឡូក្រាម ដោយអនុវត្តវិធានការកាប់បំផ្លាញ ហើយដុតកម្ទេចចោលនៅហ្នឹងកន្លែង។

ប្រតិបត្តិការណ៍នេះ សមត្ថកិច្ចឃាត់ខ្លួនបានអ្នកពាក់ព័ន្ធផ្ទាល់ចំនួន ៣៦នាក់ ក្នុងនោះចំនួន ៤នាក់បានប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់បានប្រគល់ឲ្យផ្នែករដ្ឋបាលជលផលចាត់ការបន្តតាមនីតិវិធី រីឯចំនួន ៣២នាក់ទៀតតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាពខុសច្បាប់ផ្សេងៗ រួចតម្រូវឲ្យមានអ្នកធានាមកធានាដើម្បីវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds