គណៈកម្មការបោះឆ្នោតថៃ «បញ្ចេញលទ្ធផលឆ្នោតជាផ្លូវការ» ក្រោយការបោះឆ្នោតកាលពីថ្ងៃទី២៤ ខែមីនា

(បាងកក)៖ លទ្ធផលបោះឆ្នោតផ្លូវការបានបង្ហាញថា គណបក្សប្រឆាំងភឿថៃ (Pheu Thai) បានទទួលសំឡេងគាំទ្រ ១៣៦អសនៈ រីឯគណបក្ស ផាឡាំង ប្រាឆា រ៉ាត់ (Palang Pracha Rath ឬ PPRP) គំាទ្ររបបយោធាថៃទទួលបាន ១១៥អសនៈនៅក្នុងការបោះឆ្នោតសកលជាលើកដំបូងបំផុត ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩។

ការប្រកាសពីលទ្ធផលបោះឆ្នោតផ្លូវការនេះ បានធ្វើឡើងតែរយៈពេលបីថ្ងៃប៉ុណ្ណោះ ក្រោយពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន បញ្ចប់ទៅ។ ប៉ុន្តែបើទោះជាលទ្ធផលបោះឆ្នោតបញ្ជាក់ថា គណបក្សភឿថៃដែលស្និទ្ធនឹងអតីត នាយករដ្ឋមន្ត្រីថៃ លោក ថាកស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ទទួលបានសំឡេងភាគច្រើននៅក្នុងសភាក៏ដោយ ក៏ព្រឹទ្ធសភាមានអសនៈសរុប ២៥០ នៅតែត្រូវបានគេរំពឹងថា នឹងគាំទ្រគណបក្ស PPRP ដែលប្រការនេះនឹងបើកផ្លូវឱ្យលោក ប្រាយុទ្ធ ចាន់អូចា បន្តកាន់តំណែងជានាយករដ្ឋមន្ត្រីថៃដដែល ប៉ុន្តែក្នុងនាមជានាយករដ្ឋមន្ត្រី ជាប់ឆ្នោត ដោយមិនមែនជារបបយោធាដូចមុននោះឡើយ។

គួរជម្រាបថា ក្រោយការប្រកាសលទ្ធផលឆ្នោតផ្លូវការ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ដោយគណៈកម្មការបោះឆ្នោតជាតិថៃនេះ ការបោះឆ្នោតក្នុងសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថៃ នឹងត្រូវធ្វើឡើងនៅប៉ុន្មានសប្ដាហ៍ខាងមុខទៀត ហើយការបោះឆ្នោតនេះទៀតសោត នឹងមានការចូលរួមពីសមាជិកព្រឹទ្ធសភា និងសភាថៃ។ ប្រទេសថៃបានរៀបចំការបោះឆ្នោតសកលឡើងវិញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីការធ្វើរដ្ឋប្រហារយោធា ទម្លាក់អតីតនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពីអំណាចកាលពីខែឧសភា ឆ្នាំ២០១៤៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds