ចាប់ខ្លួនជនសង្ស័យ៦នាក់ពាក់ព័ន្ធករណីក្មេងស្ទាវដេញកាប់គ្នាបុកចូលរថយន្ដអ្នកដំណើរនៅស្រុកជើងព្រៃ
កាលពីប៉ុន្មានថ្ងៃមុននេះ មានករណីក្មេងស្ទាវពីរក្រុមដេញកាប់គ្នាយ៉ាងអណាធិបតេយ្យ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយភាគីម្ខាងបានគេចទៅបុករថយន្ដអ្នកដំណើរដែលមកពីបញ្ច្រាសទិស បណ្ដាលឲ្យស្លាប់ម្នាក់។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវបង្ក្រាបក្រុមជនដៃដល់។
រហូតដល់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២១៖៤៥នាទី កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដេញកាប់ និងវាយគ្នាទៅវិញទៅមក) បណ្ដាលឲ្យស្លាប់ និងរងរបួសធ្ងន់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៤០នាទី នៅត្រង់ចំណុចបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ផ្អែកតាមចម្លើយសារភាព និងវិធានការជំនាញ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានរកឃើញជនដៃដែលពាក់ព័ន្ធធ្វើសកម្មភាពផ្ទាល់ ចំនួន៤នាក់ រួមមាន៖
*ទី១៖ ឈ្មោះ តន បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិចំបក់ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
*ទី២៖ ឈ្មោះ ប៉ាល យ៉ុងស៊ី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
*ទី៣៖ ឈ្មោះ ម៉ៅ តែម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
*ទី៤៖ ឈ្មោះ អាត សុខនាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យខាងលើបាននាំមកកាន់នាយកដ្ឋាន រៀបចំប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាតការបន្តតាមនីតិវិធី៕