លោកបណ្ឌិតសុខ ទូចថានិស្សិតគួរតែសរសេរនិក្ខេបបទដែលឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាពសង្គម
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងណែនាំដល់និស្សិតដែលកំពុងសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា បើសិនដល់ពេលសរសេរនិក្ខេបបទបញ្ចប់ការសិក្សា គួរតែសរសេរនិក្ខេបបទដែលឆ្លុះបញ្ចាំងពីស្ថានភាពសង្គម និងបច្ចុប្បន្នភាព។ ការណែនាំរបស់លោកប្រធានរាជបណ្ឌិត្យសភាបែបនេះ ធ្វើឡើងនៅក្នុងពិធីបើកបវេសនកាល(ឆ្នាំសិក្សា ២០២៣-២០២៤)ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់១២ វគ្គ១ និងថ្នាក់បណ្ឌិត ជំនាន់ទី៩ វគ្គ១ នៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។
លោកបណ្ឌិត សុខ ទូច លើកឡើងថា និក្ខេបបទគួរតែសាច់រឿងរបស់អង្គហេតុ ព្រឹត្តិការណ៍ យុទ្ធសាស្រ្តនៃសាច់រឿងមកបង្ហាញ ដែលនឹងធ្វើឱ្យនិក្ខេបបទមានន័យ និងអាចក្លាយជាយានមួយនាថ្ងៃអនាគត។ ជាពិសេស លោកបណ្ឌិតបានណែនាំឱ្យនិស្សិតសរសេរនិក្ខេបបទដែលខ្លួនស្រឡាញ់ពេញចិត្ត ទើបនិក្ខេបបទនោះបានចូលរួមចំណែកផ្ដល់ប្រយោជន៍ដល់សង្គម។
លោកបណ្ឌិត សុខ ទូច គូសបញ្ជាក់ថា និក្ខេបបទមួយត្រូវមាន៥ចំណុចសំខាន់ៗ រួមមាន៖ ទី១.ឯកសារ ទី២.សិក្សាលើមនុស្សតាមរយៈការធ្វើសម្ភាស ទី៣.ហេតុការណ៍ដែលបានកើតឡើង ទី៤.សិក្សាលើព័ត៌មានដែលពាក់ព័ន្ធជុំវិញសាច់រឿងនៃនិក្ខេបបទ និងទី៥.ការប្រៀបធៀបជាមួយឯកសារដទៃ ដែលមាននិន្នាការ និងទិសដៅប្រហាក់ប្រហែលគ្នា បូករួមនឹងបច្ចុប្បន្នភាពដែលឆ្លុះបញ្ចាំង។
រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានរៀបចំបើកពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០២៣-២០២៤ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់១២ វគ្គ១ និងថ្នាក់បណ្ឌិត ជំនាន់ទី៩ វគ្គ១។ ក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងបើកថ្នាក់សិក្សាចំនួន៩ជំនាញសម្រាប់ថ្នាក់បណ្ឌិត មានដូចជា៖ ជំនាញរដ្ឋបាលសាធារណៈ នីតិសាស្រ្ត វិទ្យាសាស្រ្តអប់រំ វិទ្យាសាស្រ្តសេដ្ឋកិច្ច វិទ្យសាស្រ្តគ្រប់គ្រងធុរកិច្ច អក្សរសិល្ប៍ គ្រប់គ្រងធុរកិច្ច ទស្សនវិទ្យា និងស្ថាបត្យកម្ម និងសំណង់។ ដោយឡែក សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានចំនួន៩ជំនាញ ដូចជា៖ ជំនាញរដ្ឋបាលសាធារណៈ នីតិសាស្រ្ត វិទ្យាសាស្រ្តនយោបាយ វិទ្យាសាស្រ្តសុខាភិបាល វិទ្យាសាស្រ្តអប់រំ អក្សរសីល្ប៍ វិទ្យាសាស្រ្តសេដ្ឋកិច្ច សិល្បៈតន្រ្តី និងជំនាញវិស្វកម្មបរិស្ថាន៕