ក្រសួងបរិស្ថានដាក់ចេញគោលដៅបៃតង ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិឱ្យទទួលបានប្រាក់ចំណូលខ្ពស់
ភ្នំពេញ៖ ថ្លែងក្នុងជំនូបជាមួយសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអោយដឹងថា គោលដៅបៃតង គឺជាធាតុផ្សំដែលមាននៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៤-២០២៨ ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ។
លោកបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្ថែមថា ធាតុផ្សំដែលមាននៅក្នុងយុទ្ធសាស្រ្តចក្រាផ្តោតលើគោលបំណងចម្បង គឺលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិឱ្យទទួលបានប្រាក់ចំណូលខ្ពស់តាមរយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលនិយម និងស្រឡាញ់ធនធានធម្មជាតិ។
លោកបណ្ឌិត ឆាយ ស៊ីណាត ថ្នាក់ដឹកនាំសមាគម មានការចាប់អារម្មណ៍ជាខ្លាំងចំពោះគោលដៅបៃតងរបស់ក្រសួង ហើយលោកក៏មានបំណងចង់ចូលរួមចំណែកតាមរយៈការកៀរគរអ្នកវិនិយោគជាតិ អន្តរជាតិឱ្យចូលរួមក្នុងសកម្មភាពនេះ ពីព្រោះអ្នកវិនិយោគដែលជាសមាជិកសមាគមភាគច្រើនជាអ្នកវិនិយោគបៃតង ហើយចំពោះការច្នៃប្រឌិត គឺកើតចេញពីគំនិត និងស្នាដៃខ្មែរពិតៗ។
លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ដែលមានបំណងជួយបង្កើតមុខរបរបន្ថែមដល់ប្រជាពលរដ្ឋ ក្រៅពីពឹងពាក់លើព្រៃឈើ និងសត្វព្រៃ ដើម្បីលើកកម្ពស់ជីវភាពឱ្យទទួលបានចំណូលខ្ពស់៕