រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជំរុញឱ្យតុលាការយកចិត្តទុកដាក់ដោះស្រាយសំណុំរឿង៣ប្រភេទ

(រាជធានីភ្នំពេញ)៖ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំតុលាការទូទាំងប្រទេស នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំ និងជំរុញដល់ថ្នាក់ដឹកនាំតុលាការទាំងអស់ឱ្យយកចិត្តទុកដាក់ដោះស្រាយសំណុំរឿង៣ប្រភេទ គឺ សំណុំរឿងគ្រឿងញៀន សំណុំរឿងពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ និងសំណុំរឿងពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន។ លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា សំណុំរឿងទាំង៣ប្រភេទនេះ ថ្នាក់ដឹកនាំតុលាការទាំងអស់ ត្រូវតែដោះស្រាយដោយ “តម្លាភាព, ម៉ឺងម៉ាត់, ត្រឹមត្រូវតាមច្បាប់ និងការទទួលខុសត្រូវចំពោះមុខប្រជាជន និងសង្គមជាតិ”។ ការជំរុញរបស់លោក កើត រិទ្ធបែបនេះ ស្របពេលដែលក្រសួងយុត្តិធម៌ទើបតែបានប្រកាសបើកយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយ ភាពមិនប្រក្រតីនៅតាមតុលាការ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ការដាក់ចេញនូវយុទ្ធនាការទាំងពីរ គឺធ្វើទៅតាមការប្រគល់ភារកិច្ច និងការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពីព្រោះថា ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ដូច្នេះដើម្បីសម្រេចកិច្ចការ អាទិភាពនេះ ក្រសួងយុត្តិធម៌ មានភាពចាំបាច់ក្នុងការដាក់ចេញនូវការកែទម្រង់ដ៏មុតស្រួច ដោយនៅក្នុងនោះរួមមាន ការកែទម្រង់តាមរយៈការដាក់ចេញនូវយុទ្ធនាការទាំងពីរ គឺ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

លើសពីនេះ លោក កើត រិទ្ធ បានស្នើសុំឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តក្នុងស្មារតីទទួលខុសត្រូវខ្ពស់ នៅក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយ ភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលជាបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និង ជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា។

គួរជម្រាបថា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញនូវយុទ្ធនាការសំខាន់២ រួមមាន៖ យុទ្ធនាការ​ទី​១.​​គឺជាយុទ្ធនាការ​ជំរុញ​និង​ពន្លឿន​ការដោះស្រាយ​រឿងក្តី​នៅតា​មតុ​លាការ ដែលនឹង​ជួយ​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព នៃ​ការផ្ដល់​សេវា​យុត្តិធម៌​ជូន​ប្រជាជន ប្រកប​ដោយ​ភាព​ឆាប់រហ័ស និង​ងាយស្រួល​។ យុទ្ធនាការ​ទី​២.​​ជា​យុទ្ធនាការ​ត្រួតពិនិត្យ​និង​ដោះស្រាយ​ភាពមិនប្រក្រតី​នៅតាម​តុលាការ គឺ​នឹង​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់​តម្លាភាព សុចរិត​ភាព និង​ភាពត្រឹមត្រូវ​នៅក្នុង​ការអនុវត្ត​ច្បាប់ និង​ចំណាត់ការ​រឿងក្ដី​ដោយ​តុលាការ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds