យុទ្ធនាការសំខាន់២ត្រូវបានក្រសួងយុត្តិធម៌ដាក់ចេញដើម្បីពង្រឹងនិងលើកកម្ពស់សេវាយុត្តិធម៌

ក្រសួងយុត្តិធម៌នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ បានប្រកាសដាក់ចេញជាផ្លូវការនូវយុទ្ធនាការចំនួន២  រួមមាន៖ ទី១. យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង ទី២.យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ យុទ្ធនាការសំខាន់ៗទាំងពីរត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌នៅកម្ពុជា។​ យុទ្ធនាការទាំងពីរនេះដែរ ធ្វើឡើងស្របតាមបំណងប្រាថ្នារបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ​ក្នុងការលើកកម្ពស់ គោលការណ៍នីតិរដ្ឋ និង យុត្តិធម៌នៅក្នុងសង្គមជាតិ។ នេះបើតាមបញ្ជាក់របស់លោក កើត រិទុ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

លោក កើត រិទុ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌

លោក កើត រិទ្ធ បញ្ជាក់ថា យុទ្ធនាការទី១.ដែលជាយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ នឹងជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវាយុត្តិធម៌ជូនប្រជាជន ប្រកបដោយភាពឆាប់រហ័ស និងងាយស្រួល។ ចំណែក យុទ្ធនាការទី២.ដែលជាយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ គឺនឹងជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្ដីដោយតុលាការ។

ជាមួយគ្នា លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចំពោះយុទ្ធនាការទី១. គឺយុទ្ធការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ជាយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ ប៉ុន្តែមិនមែនជាយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងទៀតនោះទេ។ មិនជាយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងដោយហេតុថា សំណុំរឿងដែលកកស្ទះរាប់ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់កាលពីឆ្នាំ២០២០-២០២១រួចទៅហើយ ខណៈសំណុំរឿងដែលនៅសេសសល់កំពុងចាត់ការនៅតាមសាលាដំបូងខេត្តមួយចំនួន។ លោក កើត រិទ្ធ អះអាងថា យុទ្ធនាការនេះអាចនឹងបញ្ចប់ក្នុងរយៈពេលយ៉ាងយូរ៣ឆ្នាំ គិតចាប់ពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ដែលជាថ្ងៃប្រកាសដាក់ចេញយុទ្ធនាការ។

ជាការកត់សម្គាល់ យុទ្ធការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ត្រូវដឹកនាំ និងអនុវត្តដោយគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ ហៅកាត់ថា(គ.ជ.ព.)។ យុទ្ធនាការនេះដែរត្រូវអនុវត្តដោយផ្អែកលើមូលដ្ឋាននៃយុត្តិធម៌ សុចរិតភាព និងភាពត្រឹមត្រូវ ដោយត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវអភិក្រម “លឿន ត្រឹមត្រូវ និងយុត្តិធម៌ ដោយផ្អែកលើច្បាប់”ហើយត្រូវចៀសវាងឱ្យបានជាដាច់ខាតនូវស្ថានភាព “ត្រីងៀតឆ្លៀតពង” ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ឬប្រព្រឹត្តអំពើពុករលួយណាមួយ។

ដោយឡែក សម្រាប់យុទ្ធនាការទី២. គឺយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នឹងផ្ដោតសំខាន់លើបញ្ហាសំខាន់ចំនួន២គឺ៖ ទី១. ពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីលើផ្នែកអភិបាលកិច្ចនៅតាមសាលាជម្រះក្ដី និងអយ្យការអមសាលាជម្រះក្ដីនានា និងទី២. ពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីលើចំណាត់ការសំណុំរឿង និងក្នុងការសម្រេចសេចក្ដីរបស់តុលាការ។

លោក កើត រិទ្ធ គូសបញ្ជាក់ថា យុទ្ធនាការទី២នេះ នឹងក្លាយជាច្រកផ្លូវការមួយ សម្រាប់ប្រជាពលរដ្ឋរងគ្រោះដោយអយុត្តិធម៌ពីការរំលោភបំពានដោយខុសច្បាប់នៅក្នុងសង្គម ឬដោយសារមានភាពមិនប្រក្រតីនៅតាមតុលាការ អាចដាក់ពាក្យបណ្ដឹងអំពីភាពមិនប្រក្រតីក្នុងចំណាត់ការរបស់តុលាការ ដើម្បីឱ្យយន្តការទទួលបន្ទុកជួយត្រួតពិនិត្យ និងជួយដោះស្រាយរកយុត្តិធម៌។

យ៉ាងណាក៏ដោយ គណៈបញ្ជាការដឹកនាំយុទ្ធនាការ គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ហៅកាត់ថា (គ.ត.ម.) និងយន្តការដែលមានការពាក់ព័ន្ធ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមការងារសំខាន់៣ ដូចជា៖ អភិក្រមទី១. មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យនៃអំណាចតុលាការ។ អភិក្រមទី២. មិនត្រូវធ្វើបុរេវិនិច្ឆ័យលើការសម្រេចសេចក្ដីរបស់តុលាការថា មិនប្រក្រតី ឬអយុត្តិធម៌នោះឡើយ និងអភិក្រមទី៣.ត្រូវអនុវត្តដោយតម្លាភាព ភាពច្បាស់លាស់ ភាពត្រឹមត្រូវ និងយុត្តិធម៌។

លោករដ្ឋមន្រ្តីយុត្តិធម៌ សង្កត់ធ្ងន់ថា ក្នុងករណីចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្រ្តីតុលាការ និងតួអង្គពាក់ព័ន្ធណាមួយ ដែលបានប្រព្រឹត្តុខុសច្បាប់ ឬបានឆ្លៀតយកឱកាសនៃយុទ្ធនាការទី២នេះ ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន តាមរបៀប “ត្រីងៀតឆ្លៀតពង”ឬប្រព្រឹត្តផ្ទុយនឹងអភិក្រមទាំង៣ខាងលើ នឹងត្រូវកត់ត្រាទុកជាកំហុស ដែលអាចប្រឈមនឹងវិធានការវិន័យ បូករួមទាំងវិធានការច្បាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds