ក្រសួងបរិស្ថាន ៖ ការដុតប្លាស្ទិកអាចបង្កបញ្ហាផ្លូវដង្ហើម រួមនឹងជំងឺមហារីក
ភ្នំពេញ ៖ ក្រសួងបរិស្ថានបានប្រកាសនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ថា តាមការស្រាវជ្រាវបង្ហាញថា ផ្សែងពុលពីការដុតប្លាស្ទិកអាចបង្កបញ្ហាផ្លូវដង្ហើម រួមនឹងជំងឺមហារីកផងដែរ ។ ប្លាស្ទិកដែលត្រូវបានគេដុតក៏បង្កការគំរា.មកំហែងដល់សុខភាពរបស់មនុស្ស សត្វ និងរុក្ខជាតិផងដែរ ព្រោះថា វាបញ្ចេញសារធាតុគីមី ដែលមានគ្រោះថ្នាក់ដូចជា ឧស្ម័នកាបូនិក (CO2) ឌីអុកស៊ីន(Dioxins) និងហ្វូរ៉ង់ (Furans)ជាដើម។
ក្រសួងបរិស្ថានបានបញ្ជាក់ថា នៅពេលមនុស្សស្រូបយកសារធាតុគីមីទាំងនេះពីផ្សែងវាអាចបង្កឱ្យមានជំងឺផ្លូវដង្ហើម ហើយក៏អាចបង្កជំងឺមហារី ។ ការបំភាយឧស្ម័នពុលពីការដុតប្លាស្ទិកទាំងនោះបានរួមចំណែកធ្វើឲ្យមានបំរែបំរួលអាកាសធាតុផងដែរ ។ ក្រសួងបរិស្ថានជំរុញឲ្យបន្តអនុវត្តនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានជាប្រចាំ ដោយប្រើពាក្យស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» និង «លាហើយប្លាស្ទិក»។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការដែលយើងទាំងអស់គ្នា ជាពិសេសក្មួយៗសិស្សានុសិស្ស និងយុវជនយើង ចូលរួមអនុវត្តនូវយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានជាទៀងទាត់ នោះវានឹងក្លាយជាទម្លាប់ល្អ ដែលធ្វើឱ្យយើងកាត់បន្ថយ រហូតដល់ឈានទៅឈប់ប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុងនាពេលអនាគត ។ យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា បរិស្ថានស្អាត កើតចេញពីការចូលរួមពីយើងទាំងអស់គ្នា ៕