រដ្ឋមន្រ្តីក្រសួងព័ត៌មានហាមមិនឱ្យយកស្រ្តីនិងអនីតិជនអាយុក្រោម១៨ឆ្នាំផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង

តាមរយៈលិខិតជូនដំណឹងចេញនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានក្រើនរម្លឹក និងណែនាំគោលការណ៍ក្រមប្រតិបត្តិស្ដីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មានចំនួន៤ចំណុចសំខាន់ៗ។ ជាក់ស្ដែង ក្នុងចំណោមការណែនាំទាំង៤ចំណុច មានមួយចំណុច គឺលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាសដល់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផលិត ចែកចាយ នាំចូល និងក្រុមហ៊ុនសេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ កុំឱ្យយកស្រ្តី ឬអនីតិជនអាយុក្រោម១៨ឆ្នាំ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តីខ្មែរ។

លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន

ក្រៅពីចំណុចខាងលើនេះ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានណែនាំដល់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផលិត ចែកចាយ នាំចូល និងក្រុមហ៊ុនសេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតីសារាចរលេខ៤៩២ ព.ម.សរ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ស្ដីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មាន។

មិនតែប៉ុណ្ណោះ លោក នេត្រ ភក្រ្តា បានប្រកាសហាមអង្គភាពប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផលិត ចែកចាយ នាំចូល និងក្រុមហ៊ុនសេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង កុំឱ្យផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្ដល់រង្វាន់ ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬអូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ និងពាក្យស្លោកដែលមានចរិតលើកទឹកចិត្តហួសហេតុពេក។

បន្ថែមពីនេះ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា រាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមកញ្ចក់ទូរទស្សន៍គ្រប់ប្រភេទ សារព័ត៌មានតាមប្រព័ន្ធអនឡាញ អាហ្វីស ប៉ាណូ LED Screen ផ្ទាំងផ្សាយពាណិជ្ជកម្មនានា ត្រូវដាក់សារព្រមាន “ពិសាគ្រឿងស្រវឹងសូមកុំបើកបរ” ឬ “ពិសាដោយការទទួលខុសត្រូវ”។

ផ្ទាំងពាណិជ្ជកម្មស្រាបៀនៅស្តុបចំការមន រាជធានីភ្នំពេញ។

យ៉ាងណាមិញ ចំពោះស្ពតពាណិជ្ជកម្មដែលមានលក្ខណៈដូចរៀបរាប់ខាងលើ ក្រសួងព័ត៌មានទុករយៈពេលសមស្រប ដើម្បីរៀបចំផ្លាស់ប្ដូរ និងកែសម្រួលស្ពតផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងថ្មី សម្រាប់ផ្សព្វផ្សាយដែលមិនប៉ះពាល់ដល់សីលធម៌សង្គម។ ដោយឡែក ក្នុងករណីម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផលិត ចែកចាយ នាំចូល និងក្រុមហ៊ុនសេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងណាមួយមិនអនុវត្តតាមលិខិតជូនដំណឹងនេះ ក្រសួងព័ត៌មាននឹងបញ្ឈប់ការផ្សាយស្ពតពាណិជ្ជកម្មនោះ។ ចំពោះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយណាដែលល្មើស ក្រសួងនឹងអនុវត្តតាមកិច្ចសន្យាដែលតម្កល់ទុកនៅក្រសួងព័ត៌មាន។

គួរបញ្ជាក់ថា ការក្រើនរម្លឹករបស់រដ្ឋមន្រ្តីក្រសួងព័ត៌មានបែបនេះ ដោយសារបច្ចុប្បន្នក្រសួងព័ត៌មានសង្កេតឃើញមានការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងតាមរយៈស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទយ៉ាងគគ្រឹកគគ្រេង មានផ្ដល់រង្វាន់ផ្សងសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានធ្វើបទសម្ភាសអ្នកត្រូវរង្វាន់ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត និងប្រើរូបភាពដើម្បីអូសទាញឱ្យប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវជនឈ្លក់វង្វេងសេពគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ដើម្បីតែផ្សងយករង្វាន់បង្កឱ្យប៉ះពាល់ដល់អនាគតយុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី។ ជាពិសេស ក្រសួងព័ត៌មានកត់សម្គាល់ថា ផលប៉ះពាល់ដល់សង្គមមួយផ្នែកកើតចេញពីការទទួលទានគ្រឿងស្រវឹងដោយខ្វះការទទួលខុសត្រូវ គឺអាចបង្កជា៖ គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ សង្គម និងប៉ះពាល់សុខភាពជាដើម៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds