មជ្ឈមណ្ឌលបច្ចេកទេសរតនគិរី ត្រៀមខ្លួនរួចរាល់ ខណៈយុវជន ជាង ២០០ នាក់ ចុះឈ្មោះចូលរៀនជំនាញ
ភ្នំពេញ៖ នាយកនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគីរី ត្រៀមខ្លួនរួចជាស្រេចក្នុងការបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ ខណៈយុវជនជាង ២០០ នាក់ បានចុះឈ្មោះចូលរៀន។
លោក សែម ប៉ាត នាយកនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគីរី បានឲ្យដឹងថា ចាប់តាំងពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១.៥ លាននាក់ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ មជ្ឈមណ្ឌល បានទទួលយុវជនមកចុះឈ្មោះចូលរៀនចំនួន ២៤០ នាក់ ស្រី ៩៧ នាក់ លើជំនាញចំនួន ៥ ដែលជាជំនាញមានតម្រូវការទីផ្សារការងារខ្ពស់ តាមបណ្ដាក្រុមហ៊ុនសហគ្រាស និងមានប្រាក់ចំណូលសមរម្យ នាពេលបច្ចុប្បន្ន។
លោកថា «មជ្ឈមណ្ឌល ត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលសិស្សចូលរៀននៅថ្ងៃទី ១៥ ខែមករា ខាងមុខនេះយើងក៏បានត្រៀមគ្រូបង្រៀនជំនាញ បន្ទប់អនុវត្ត និងសម្ភារៈបច្ចេកទេសផ្សេងៗ ទៀត»។ ជាមួយគ្នានេះដែរ លោកបានអំពាវនាវឲ្យយុវជនទាំងអស់ មកចុះឈ្មោះចូលរៀនជំនាញរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ ដើម្បីមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត មានការងារ និងប្រាក់ចំណូលសមរម្យ ក្នុងការសម្រួលជីវភាពគ្រួសារ និងកំណើនសេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ឲ្យអនុវត្តជាផ្លូវការនូវការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១ លាន ៥ សែននាក់ ដែលមានរយៈពេល ៤ ខែ សិក្សាដោយឥតគិតថ្លៃ។ ម្យ៉ាងវិញទៀត យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ ម៉ឺនរៀល រហូតដល់បញ្ចប់ការសិក្សា៕