សម្តេចធិបតី ផ្តាំទៅក្រុមមួយក្តាប់តូច ដែលតែងតែរិះគន់រឿងថ្ងៃរំដោះជាតិ ៧មករា ឆ្នាំ១៩៧៩ថា សូមកុំយករឿងនយោបាយមកបកស្រាយ
កោះកុង៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅក្រុមមួយក្តាប់តូច ដែលតែងតែរិះគន់ឥតឈប់ឈរ រឿងថ្ងៃរំដោះជាតិ ៧មករា ឆ្នាំ១៩៧៩ថា សូមកុំយករឿងនយោបាយមកបកស្រាយ អំពីប្រវត្តិសាស្រ្តបន្តទៀត គប្បីសិក្សាឲ្យបានច្បាស់លាស់ ហើយត្រូវយករឿងប្រវត្តិសាស្រ្តមកបកស្រាយរឿងប្រវត្តិសាស្រ្តវិញ។
ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធ«ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង ១ម៉ឺននាក់ នៅក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រាប់ទៅកាន់ក្រុម អ្នកចេះដែលធ្វើល្ងង់អំពីប្រវត្តិសាស្រ្តទាំងនោះថា ក្នុងសម័យរំដោះពលរដ្ឋចេញពីរបប ប៉ុល ពត នាឆ្នាំ១៩៧៩ ហេតុអ្វីមិនពឹងអង្គភាពសហប្រជាជាតិ បែជាទៅពឹងវៀតណាមទៅវិញ? សំណួរនេះត្រូវបានសម្ដេចនាយករដ្ឋមន្រ្តីឆ្លើយតបថា គឺដោយសារច្បាប់នាគ្រានោះ មិនអនុញ្ញាតឱ្យអង្គភាពសហប្រជាជាតិ មកជួយកម្ពុជាបានទាន់ឡើយ ហើយកម្ពុជា ក៏មិនមានជម្រើសអ្វីផ្សេងក្រៅពីពឹងវៀតណាមនោះដែរ ពីព្រោះខ្មែរក្រហមនៅតែបន្តកាប់សម្លាប់ពលរដ្ឋឥតឈប់ឈរ។ នេះហើយជាប្រវត្តិសាស្រ្តពិត ដែលត្រូវយក ប្រវត្តិសាស្រ្តមកអះអាង។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ជាថ្មីម្តងទៀត ផងដែរថា ជាសច្ចធម៌ពិតនៃប្រវត្តិសាស្រ្ត បើគ្មានថ្ងៃទី៧មករា ឆ្នាំ១៩៧៩ទេ គឺពិតជាគ្មានអ្វីគ្រប់បែបយ៉ាង ដូចសព្វថ្ងៃនេះនោះឡើយ ខណៈថ្ងៃទី៧មករានេះហើយជាថ្ងៃកំណើតទីពីរបស់បងប្អូនខ្មែរគ្រប់រូបឲ្យរួច ផុតពីរបបដ៏យង់ឃ្នងរបស់ប៉ុល ពត៕