សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយ និងផែនការរបស់រដ្ឋាភិបាលតំណាក់កាលទី៧នៃរដ្ឋសភានេះ គឺធ្វើឡើងដើម្បីបម្រើពលរដ្ឋ និងរុញសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា គោលនយោបាយ និងផែនការសកម្មភាពទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលតំណាក់កាលទី៧នៃរដ្ឋសភានេះ គឺធ្វើឡើងដើម្បីបម្រើប្រជាពលរដ្ឋ និងរុញសេដ្ឋកិច្ចប្រជាពលរដ្ឋឱ្យកាន់តែប្រសើរបន្ថែមទៀត។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធ«ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង១ម៉ឺននាក់ នៅក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាគឺខុសពីរបបប្រល័យពូជសាសន៍ប៉ុល ពត ឆ្ងាយណាស់ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានអំណាចហើយគឺផ្តល់សិទ្ធិសេរីភាព និងបម្រើផលប្រយោជន៍គ្រប់បែបយ៉ាងដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ដោយខុសពីសម័យប៉ុល ពត ទទួលបានអំណាចហើយកាប់សម្លាប់ប្រជាជនខ្លួនឯងទៅវិញ។

ជាមួយគ្នា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសថ្លែងអំណរអគុណ ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ និយោជិតទាំងអស់នៅខេត្តកោះកុង ដែលបានបន្តបោះឆ្នោតជូន ដល់គណបក្សប្រជាជនកម្ពុជាឲ្យបន្តកាន់ដឹកនាំប្រទេសជាតិ ដោយសម្តេចធិបតី លើកឡើងថា តាមរយៈការបោះឆ្នោតអាណត្តិទី៧ នាពេលកន្លងទៅគឺបងប្អូន ប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់ជាង៨៥ ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds