ឆ្នាំ២០២៣ កម្ពុជាចម្រាញ់រ៉ែមាស បានប្រមាណ៩.៥តោន និងផលិតផលស៊ីម៉ងត៍ បានប្រមាណ៩លានតោន

ភ្នំពេញ៖ រយៈពេល១ឆ្នាំ ពោលគឺឆ្នាំ២០២៣ កម្ពុជាចម្រាញ់រ៉ែមាស បានប្រមាណ៩.៥តោន និងផលិតផលស៊ីម៉ងត៍ បានប្រមាណ៩លានតោន ក្នុងមួយឆ្នាំ។ នេះបើតាមផ្សព្វផ្សាយវិដេអូដោយក្រសួងរ៉ែ និងថាមពល។

ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា «វិស័យឯកជន និងរដ្ឋបានរួមគ្នា ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ស្វែងរុករក និងអភិវឌ្ឍធនធានរ៉ែ ដោយទទួលបានផ្លែផ្កាជាហូរហែ ក្នុងនោះ ផលិតផលរ៉ែសំខាន់ៗ រួមមាន៖ ផលិតផលស៊ីម៉ងត៍ បានប្រមាណ៩លានតោន ក្នុងមួយឆ្នាំ និងមាសបានចំនួនប្រមាណ៩.៥តោន គិតត្រឹមដំណាច់ឆ្នាំ២០២៣»

បន្ថែមពីនេះ ការធ្វើប្រតិបត្ដិការរ៉ែសំណង់ និងរ៉ែឧស្សាហកម្មផ្សេងៗ ក៏បានផ្ដល់ឲ្យកម្ពុជា អាចនាំចេញធនធានរ៉ែខ្សាច់ ផលិតផលពាក់កណ្ដាលសម្រេចថ្មអារ រ៉ែដែក និងដុំមាសទៅក្រៅប្រទេសផងដែរ។ ចំណូលមិនមែនសារពើពន្ធពីវិស័យ ដែលរដ្ឋទទួលបានប្រចាំឆ្នាំ មានការកើនឡើង ជាលំដាប់ជារៀងរាល់ឆ្នាំ គិតចាប់ពីជិត២លានដុល្លារ ក្នុងឆ្នាំ២០១៣ កើនមកដល់ប្រមាណ៥០លានដុល្លារ ក្នុងឆ្នាំ២០២៣។

ទន្ទឹមគ្នានេះ ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ជាមួយនឹងការគ្រប់គ្រង និងអភិវឌ្ឍនេះ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិស័យរ៉ែ គឺ «អភិវឌ្ឍន៍ធនធានរ៉ែ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមប្រកបដោយអភិបាលកិច្ចល្អ និងការទទួលខុសត្រូវខ្ពស់ផ្នែកបរិស្ថាន»

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds