នាយកវិទ្យាស្ថានកំពង់ចាម ៖ វគ្គបណ្តុះបណ្តាលជំនាញ ជាឱកាសមាសសម្រាប់យុវជនក្នុងទីផ្សារដ៏សម្បូរបែប
ភ្នំពេញ ៖ នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានអះអាងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដែលជ្រោមជ្រែងដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងគោលបំណងជួយសម្រួលនិស្សិតមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ និងផ្តល់ជំនាញជាក់លាក់មួយ ដល់យុវជន ដើម្បីជាយាន្តចូលប្រលូកក្នុងទីផ្សារការងារ ។
លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានអោយដឹងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ទៅដល់យុវជនជាយុទ្ធសាស្ត្រដ៏មានសក្តានុពលមួយ របស់រាជរដ្ឋាភិបាលនៃកម្ពុជា ដើម្បីជម្រុញឱ្យយុវជនមានជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួន សម្រាប់ជីវិត ក្នុងការស្វែងរកការងារសមរម្យ លើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចប្រទេសជាតិ ។ លោកថា «យុវជនមានឱកាសល្អណាស់ ក្នុងការចាប់យកជំនាញជាក់លាក់ ដែលជាតម្រូវការទីផ្សារការងារខ្ពស់។ ក្នុងមួយជីវិតយុវជនម្នាក់ ត្រូវមានជំនាញមួយ ដើម្បីប្រកបរបរចិញ្ចឹមជីវិត»។
ជាមួយគ្នានេះដែរ លោក បានអំពាវនាវឱ្យយុវជនទាំងអស់ ចេះចាប់យកឱកាសមាស ឱកាសប្រាក់ ដែលរាជរដ្ឋាភិបាលបានដាក់ជាគោលនយោបាយ ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យទូទាំងប្រទេស។
សូមបញ្ជាក់ដែរថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ ដែលប្រមុខរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។ កម្មវិធីបណ្តុះបណ្តាលនេះ ដើម្បីឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះអាចឆាប់មានជំនាញវិជ្ជាជីវៈ និងឆាប់មានការងារធ្វើសមរម្យដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងប្រគួតប្រជែងក្នុងទីផ្សារការងារ៕