ឆ្នាំ២០២៣កន្លងទៅ!សមត្ថកិច្ចបង្រ្កាបបានសាច់បង្កកខូចគុណភាពជាង១,៦០០តោន
ក្នុងឆ្នាំ២០២៣កន្លងទៅ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) បង្រ្កាបបានចុះត្រួតពិនិត្យបណ្តាទីតាំង និងឃ្លាំង ស្តុកទំនិញចំនួន ១៣៤ទីតាំង ដោយបានរកឃើញទីតាំងចំនួន២៣ បានស្តុកទំនិញដែលមានភាពមិនអនុលោម។ នេះបើយោងតាមការបញ្ជាក់របស់លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)។
លោក ផាន អូន បានឱ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) រឹបអូសបានទំនិញប្រមាណ ២,០៧៦តោន ក្នុងនោះមានសាច់បង្កក ដែលត្រូវបានរកឃើញថា ខ្វះអនាម័យ មានសារធាតុគីមីហាមឃាត់ ឬចម្លងមេរោគ និងផុតសុពលភាពប្រើប្រាស់ប្រមាណជាង ១,៦៤៨ តោន។ ទន្ទឹមគ្នា លោកបញ្ជាក់ថា ម្ចាស់ទីតាំងស្តុកទំនិញចំនួន២៣ទីតាំង ត្រូវបានមន្រ្តីក.ប.ប. អនុវត្តនីតិវិធីច្បាប់។
លោក ផាន អូន គូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានក.ប.ប. នឹងបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យបណ្តាឃ្លាំងស្តុក ទីតាំងចែកចាយ និងបណ្តាមធ្យោបាយដឹកជញ្ជូននានា សម្ដៅទប់ស្កាត់ការនាំចូល ការចែកចាយផលិតផលទំនិញ ដើម្បីទប់ស្កាត់ការចរាចរទំនិញ ពិសេសផលិតផលម្ហូបអាហារគ្រប់ប្រភេទ ដែលមិនអនុលោមនឹងបទប្បញ្ញត្តិជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។
គួរឱ្យដឹងថា បញ្ហាសាច់បង្កកខុសច្បាប់ គឺជាក្ដីកង្វក់សម្រាប់ប្រជាពលរដ្ឋដែលជាអ្នកបរិភោគ ដោយសារពួកគេភ័យខ្លាចចំពោះការប៉ះពាល់សុខភាព ទោះបីជាសមត្ថកិច្ចបានចុះបង្ក្រាបសាច់បង្កកខូចគុណភាពជាបន្តបន្ទាប់ក៏ដោយ។ ជាពិសេស អ្នកតាមដានសង្គម និងអ្នកជំនាញផ្នែកសុខភាពសាធារណៈ បានទទូចឱ្យប្រើចំណាត់ការក្ដៅចំពោះក្រុមឈ្មួញនាំចូលសាច់បង្កកគ្មានគុណភាព ដែលបង្កឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកបរិភោគ៕